(កៀវ)៖ នាវេលាយប់ចន្លោះថ្ងៃពុធនិងថ្ងៃអង្គារ រុស្ស៉ីនិងអ៊ុយក្រែនបានវាយប្រហារតាមផ្លូវអាកាស លើរដ្ឋធានីរបស់ភាគីម្ខាងៗ ដោយមាន​មនុស្ស២នាក់ស្លាប់ ក្នុងការវាយប្រហារលើទីក្រុងមូស្គូ ខណៈយន្តហោះដ្រូនជាង១០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អភិបាលក្រុងកៀវ លោក Vitali Klitschko បាននិយាយថា អំឡុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ អគ្គិភ័យបានកើតមាននៅអគារមួយចំនួន ក្នុងសង្កាត់ចំនួន៣របស់ទីក្រុងកៀវ ហើយបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ខណៈប៉ុន្មាននាក់ទៀតរងរបួស។ មុនការវាយប្រហារដោយយន្តហោះដ្រូន រុស្ស៉ីក៏បានបាញ់មីស៉ីលលើរដ្ឋធានីរបស់អ៊ុយក្រែន ផងដែរ។

ដោយឡែក អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេច​យន្តហោះដ្រូនអ៊ុយក្រែន យ៉ាងហោច១៤គ្រឿង ដែលហោះឆ្ពោះមកមូស្គូ កាលពីម៉ោងខ្ទង់១០យប់ថ្ងៃអង្គារ ហើយហេតុការណ៍នោះមិនបង្កឱ្យមានការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែព្រលានយន្តហោះសំខាន់ៗរបស់មូស្គូ ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបន្តវាយប្រហារលើទីក្រុងមូស្គូ ដោយប្រើយន្តហោះដ្រូន សម្រាប់រយៈពេល៣យប់ជាប់ៗគ្នាហើយ ស្របពេល​ដែលរដ្ឋធានីរបស់រុស្ស៉ី កំពុងត្រៀមលក្ខណៈ សម្រាប់ការឈប់សម្រាកចុងសប្តាហ៍រយៈពេលវែង និងការប្រារព្ធព្យុហយាត្រាយោធានៅថ្ងៃទី៩ ខែឧសភា ដើម្បីអបអរ ខួបទី៨០នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២ ។

នៅថ្ងៃនោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងត្រូវទទួលស្វាគមន៍មេដឹកនាំមកពីប្រទេសជាច្រើន អំឡុងពិធីព្យុហយាត្រាយោធាខាងលើ ដែលរួមមានទាំងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រកាសកាលពីសប្តាហ៍មុន អំពីបទឈប់បាញ់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនទាន់ទទួលយកបទឈប់បាញ់របស់លោក ពូទីន នៅឡើយទេ ហើយបានស្នើឱ្យមានបទឈប់បាញ់រយៈពេលវែង យ៉ាងហោច៣០ថ្ងៃ ជំនួសវិញ៕