(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា វិមានក្រឹមឡាំងបាននិយាយថា កងកម្លាំងរុស្ស៉ីនៅតែគ្រោងអនុវត្តបទឈប់បាញ់នៅអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា តាមបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ដដែល ប៉ុន្តែនឹងឆ្លើយតបវិញ ប្រសិនបើកងកម្លាំងអ៊ុយក្រែន ព្យាយាមវាយប្រហារលើរុស្ស៉ី អំឡុងចន្លោះពេលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៨ ខែមេសា លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃខាងលើ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះ​របស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ អំឡុងបទឈប់បាញ់៧២ម៉ោងនោះ លោក ពូទីន នាថ្ងៃទី៩ ខែឧសភា នឹងត្រូវទទួលស្វាគមន៍បណ្តាមេដឹកនាំអន្តរជាតិ នៅឯទីលាន Red Square នៃរដ្ឋធានីមូស្គូ រួមមាន​ទាំងវត្តមានប្រធានាធិបតីចិន លោក ស៉ី ជីនពីង។

មកទល់ពេលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហាក់មិនទទួលយកបទឈប់បាញ់រយៈពេលខ្លីនេះឡើយ ដោយលោកបាននិយាយថា រូបលោកនឹងស្ម័គ្រចិត្តទទួលយកតែបទឈប់បាញ់ណា ដែលមានរយៈពេលយ៉ាងហោច៣០ថ្ងៃប៉ុណ្ណោះ។ នៅពេលត្រូវបានសាកសួរថា តើរុស្ស៉ីនឹងធ្វើយ៉ាងណា ប្រសិនបើលោក ហ្សេលេនស្គី ពិតជាមិនទទួលយកបទឈប់បាញ់៣ថ្ងៃនោះមែន អ្នកនាំពាក្យវិមានក្រឹមឡាំង បានឆ្លើយថា បទឈប់បាញ់នឹងនៅតែប្រព្រឹត្តទៅ តាមគំនិតផ្តួចផ្តើមរបស់លោក ពូទីន ប៉ុន្តែក្នុងករណី ដែលគ្មានការទទួលយកពីទីក្រុងកៀវ ហើយមានការប៉ុនប៉ងវាយប្រហារលើទីតាំង និងមូលដ្ឋានរបស់យើង នោះការឆ្លើយតបវិញយ៉ាងសមស្រប នឹងត្រូវធ្វើឡើងភ្លាមៗ៕