(ឡុងដ៍)៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការដាក់សម្ពាធរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ លើអ៊ុយក្រែន ឱ្យលះបង់ទឹកដីឱ្យទៅរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម គឺជាគោលនយោបាយផ្គាប់ចិត្ត ដែលនឹងគ្មានថ្ងៃធ្វើឱ្យទីក្រុងមូស្គូស្កប់ស្កល់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC នាថ្ងៃពុធនេះ លោក បៃដិន បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជឿថា អ៊ុយក្រែនជាផ្នែករបស់រុស្ស៉ី ហើយអ្នកទាំងឡាយណា ដែលយល់ថា លោក ពូទីន នឹងបោះបង់ចោលគោលដៅនេះ គឺឆោតល្ងង់ណាស់។ លោក បៃដិន បានបន្តថា «ខ្ញុំមិនយល់សោះឡើយថា តើហេតុអ្វីបានជា​អ្នកខ្លះគិតថា ប្រសិនបើយើងអនុញ្ញាតឱ្យជនផ្កាច់ការ ឧក្រិដ្ឋជន អាចដណ្តើមកាន់កាប់ទឹកដីដ៏ធំមួយ ដែលមិនមែន​ជាកម្មសិទ្ធិរបស់ខ្លួន ហើយវានឹងធ្វើឱ្យជននោះស្កប់ស្កល់ គឺខ្ញុំមិនយល់ទាល់តែសោះ»

ជាចុងក្រោយ លោក បៃដិន ក៏បានបង្ហាញក្តីកង្វល់ផងដែរថា អឺរ៉ុបមុខជានឹងបាត់បង់ទំនុកចិត្តចំពោះ ភាពច្បាស់លាស់របស់សហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំរបស់អាមេរិកមិនខាន ខណៈក្រុមមេដឹកនាំអឺរ៉ុប ហាក់កំពុងតែនាំគ្នាងឿងឆ្ងល់ថា តើពេលនេះពួកគេគួរធ្វើបែបណា? ហើយចោទសួរខ្លួនឯងថា តើពួកគេអាចពឹងផ្អែកលើសហរដ្ឋអាមេរិកបានដែរឬទេ? តើអាមេរិក អាចនឹងឱ្យពួកគេជឿជាក់បានឬអត់?៕