(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានទៅដល់សេតវិមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ការពិភាក្សាលើកដំបូងជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ហើយលោកបានប្រាប់លោក ត្រាំ ដោយត្រង់ៗថា កាណាដាមិនមែនសម្រាប់លក់នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ ២០២៥។
នៅបន្ទាប់ពីជំនួប លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «វាជាកិច្ចប្រជុំដ៏ល្អជាមួយលោក Carney។ ខ្ញុំគិតថាទំនាក់ទំនងនេះ នឹងបន្តរឹងមាំ។ ពួកយើងមិនបាននិយាយថា កាណាដា នឹងក្លាយជាផ្នែកនៃទឹកដីអាមេរិកទេ ប៉ុន្តែវាជារឿងយល់ចិត្តគ្នា»។ ចំណែក លោក Carney បានឆ្លើយតបថា «កាណាដា មិនមែនសម្រាប់លក់ ហើយនឹងមិនដាក់លក់នោះឡើយ»។
គួរបញ្ជាក់ថា លោក Carney បានឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែមេសា ដោយសារតែការសន្យាថា ប្រឆាំងចំពោះពន្ធគយ និងគំនិតចង់បានកាណាដារបស់លោក ត្រាំ។ ក្រោយមកលោកក៏បានស្នើឱ្យលោក ត្រាំ បញ្ឈប់ការនិយាយជាសាធារណៈ ដោយហៅកាណាដាជារដ្ឋទី ៥១របស់អាមេរិកផងដែរ៕