(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃពុធនេះបានចេញសេចក្តីអំពាវនាវ ឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន បង្ហាញការអត់ធ្មត់ និងចូលរួមក្នុងការសន្ទនាដោយផ្ទាល់ បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏តានតឹងបំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍រវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពតានតឹងបច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន គឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា «រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថានបង្ហាញការអត់ធ្មត់ និងចូលរួមក្នុងការសន្ទនាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយការទូតដ៏ឆាប់រហ័សឆ្ពោះទៅមុខ»។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំង រវាងមហាអំណាចអាស៊ីខាងត្បូងទាំងពីរ ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់កាស្មៀរ ដែលមានជម្លោះកាលពីខែមុន និងការចោទប្រកាន់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសទាំងពីរ តែងតែដើរតួយ៉ាងសកម្មក្នុងការលើកទឹកចិត្តឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕