(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៧ ខែឧសភា បាននិយាយថាលោកនឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយប្រទេសដ៏ធំមួយ និងគួរឱ្យគោរព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយអ្នកតំណាងមកពីប្រទេសដ៏ធំមួយ និងគួរឱ្យគោរព»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលមកពីបណ្ដាប្រទេសជាច្រើន និងធ្លាប់បាននិយាយថាមានប្រទេសជាច្រើនកំពុងតម្រង់ជួររង់ចាំចរចា ស្វែងរកកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិករូបនេះមិនបានបញ្ជាក់ថាតើប្រទេសណាដែលនឹងទទួលបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ។ តែកាលពី សប្ដាហ៍មុន លោកបាននិយាយថាលោកសម្លឹងឃើញសក្តានុពលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន។ ដោយឡែក បើតាមកាសែតអាមេរិក New York Times លោក ត្រាំ ត្រូវបានគេរំពឹងថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕