(មូស្គូ)៖ បទឈប់បាញ់រយៈពេល៣ថ្ងៃរបស់លោកប្រធានាធិបតីរុស្ស៉ី វ៉្ល៉ាឌីមៀ ពូទីន ជាមួយអ៊ុយក្រែនបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ខណៈវិមានក្រឹមឡាំងថា បទឈប់បាញ់នេះនឹងធ្វើតេស្ដលើការត្រៀមលក្ខណៈរបស់ទីក្រុងកៀវចំពោះសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮកការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ភ្លាមៗគេមិនទាន់ច្បាស់ថាតើរុស្ស៉ី និងអ៊ុយក្រែននឹងគោរពតាមបទឈប់បាញ់៣ថ្ងៃនេះ ឬក៏យ៉ាងណានោះទេ? ប៉ុន្តែអ៊ុយក្រែនមិនបានទទួលយក បទឈប់បាញ់នេះឡើយ ដោយលោក ហ្សេលេនស្គីទទូចចង់បានបទឈប់បាញ់ពេញលេញមួយរយៈពេល ៣០ថ្ងៃ។

គួរបញ្ជាក់ថា នៅមុនបទឈប់បាញ់របស់លោក ពូទីន ចូលជាធរមាន ទីក្រុងមូស្គូ និងទីក្រុងកៀវបានបើកការវាយប្រហារដោយប្រើដូនដាក់គ្នាទៅវិញទៅមក បង្ខំឱ្យអាកាសយានដ្ឋានមួយចំនួន ក្នុងប្រទេសរុស្ស៉ីត្រូវបិទទ្វារបណ្ដោះអាសន្ន និងបន្សល់ទុកមនុស្ស២នាក់បាត់បង់ជីវិតនៅអ៊ុយក្រែន៕