(ប៉េកាំង)៖ នៅថ្ងៃទី ៧ ខែឧសភា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹង កិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក។

អ្នកសារព័ត៌មាន បានសួរថា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ក្រសួងការបរទេសចិនបានប្រកាសព័ត៌មានថា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននឹងបំពេញទស្សនកិច្ច នៅប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ហើយក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាការងារជាមួយភាគីអាមេរិក។ តើក្រសួងពាណិជ្ជកម្មចិន អាចអធិប្បាយពីបរិបទ និងការគិតពិចារណាពាក់ព័ន្ធរបស់ភាគីចិនអំពីកិច្ចពិភាក្សានេះទេ?

អ្នកនាំពាក្យរូបនេះបានឆ្លើយថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក បានចាត់វិធានការពន្ធគយមួយចំនួន ដោយឯកតោភាគីដែលខុសច្បាប់ និងមិនសមហេតុផលបន្ទាប់ពីលោកត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីមក ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក រំខានយ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចពិភពលោក។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រទេសចិនបានចាត់ វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា។

ពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានប្រកាសព័ត៌មានជាបន្តបន្ទាប់ អំពីការកែសម្រួលវិធានការពន្ធគយ និងបានបញ្ជូនព័ត៌មានយ៉ាងសកម្មមកកាន់ប្រទេសចិន តាមរយៈមធ្យោបាយផ្សេងៗ ដោយសង្ឃឹមថានឹងធ្វើការពិភាក្សា ជាមួយប្រទេសចិនលើបញ្ហាពន្ធគយជាដើម។ ប្រទេសចិនបានវាយតម្លៃដោយយកចិត្តទុកដាក់ចំពោះ ព័ត៌មានរបស់សហរដ្ឋអាមេរិក។ ដោយផ្អែកលើការគិតពិចារណាយ៉ាងពេញលេញចំពោះការរំពឹងទុកជាសកល ព្រមទាំងផលប្រយោជន៍របស់ប្រទេសចិន និងការអំពាវនាវរបស់មជ្ឈដ្ឋានឧស្សាហកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចចិត្តយល់ព្រម ធ្វើការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក។

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន នឹងជួបពិភាក្សាការងារជាមួយលោក Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងជាអ្នកដឹកនាំភាគីអាមេរិកសម្រាប់កិច្ចសន្ទនា ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកនៅប្រទេសស្វ៊ីសក្នុងនាមជាអ្នកដឹកនាំភាគីចិន សម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន