(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីនៅចុងខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលទើបបង្កើតថ្មីមួយរវាងប្លុកអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងចិន ដែលទីក្រុងប៉េកាំងសង្ឃឹមថា នឹងអាចប្រមូលការគាំទ្រប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីរដែលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters និងរាយការណ៍បន្តនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចរបស់លោក Li ដែលជាមន្ត្រីលំដាប់ទីពីររបស់ចិន កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទៅកាន់ម៉ាឡេស៊ីកាលពីខែមុន ដែលក្នុងពេលនោះលោកបានជំរុញឲ្យអាស៊ានរួបរួមទប់ទល់នឹងពន្ធគយអាមេរិក។ ចិនកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ ខណៈដែលភាពតានតឹងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ត្រាំ កំពុងតែកើនឡើង។ កិច្ចប្រជុំនៅម៉ាឡេស៊ីនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ក៏នឹងធ្វើឡើង បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មដ៏តានតឹងរវាងអាមេរិក-ចិន នៅប្រទេសស្វីសនាចុងសប្តាហ៍នេះផងដែរ។
នៅពេលត្រូវបានសួរនាំ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនមានឆន្ទៈ «ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក» ជាមួយអាស៊ាន និង GCC ហើយនឹង «រួមគ្នាការពារសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ»។ អ្នកការទូតបានកត់សម្គាល់ថា ចិនកំពុងសង្កត់ធ្ងន់លើឆន្ទៈទិញទំនិញនាំចេញពីអាស៊ាន ជាពិសេសកសិផលកសិកម្ម ខណៈដែលខ្លួនបារម្ភថា បណ្ដាប្រទេសក្នុងតំបន់អាចនឹងដាក់របាំងពាណិជ្ជកម្មតាមការបញ្ចុះបញ្ចូលរបស់អាមេរិក។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ដែលមានតម្លៃ ២៣៤ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈដែលចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ GCC ដែលមានតម្លៃជិត ២៩៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយ GCC បានផ្គត់ផ្គង់ប្រេងឆៅ ៣៦% ដល់ចិនក្នុងឆ្នាំនោះ។
កិច្ចប្រជុំកំពូលត្រីភាគី អាស៊ាន-GCC-ចិន នៅម៉ាឡេស៊ីនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ចិន ក្នុងការប្រមូលផ្តុំការគាំទ្រ និងពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួន នៅចំពោះមុខសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕