(បាងកក)៖ ប្រទេសថៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ៣០០នាក់ បានចូលមកប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិច វាយលុកលើយោធា ប៉ុន្មានថ្ងៃក្រោយរបបសឹក ប្រកាសបន្តបទឈប់បាញ់ដោះស្រាយមហន្តរាយរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។
យោធាថៃនិយាយថា មានការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចពីរក្រុម ទៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin កាលពីថ្ងៃពុធ ដែលស្ថិតនៅចម្ងាយតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ក្រុមមន្រ្តីនិយាយថា ក្រោយមក នៅថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧នាក់បានឆ្លងចូលមកក្នុងប្រទេសថៃ ហើយកំពុងជ្រកកោណនៅទីតាំងបណ្ដោះអាសន្នចំនួនពីរ ដោយមានយោធា និងប៉ូលិសថៃជួយការពារ និងផ្ដល់ជំនួយ។
គួរបញ្ជាក់ថា កងកម្លាំងថៃ បានបង្កើនការល្បាតតាមបណ្តោយព្រំដែនក្នុងខេត្តតាក ដើម្បីទប់ស្កាត់នូវអ្វីដែលមន្ត្រីពណ៌នាថាជាការរំលោភអធិបតេយ្យ ដោយកងកម្លាំងប្រដាប់អាវុធបរទេស៕