(ញូវដែលី)៖ កងទ័ពឥណ្ឌាបានឱ្យដឹងថា កាលពីវេលាយប់ចន្លោះថ្ងៃសុក្រនិងថ្ងៃព្រហស្បតិ៍ កងកម្លាំងយោធារបស់ប្រទេសប៉ាគីស្ថាន បានធ្វើសកម្មភាពវាយប្រហារជាច្រើន ដោយប្រើប្រាស់យន្តហោះដ្រូន មីស៉ីល និងអាវុធផ្សេងទៀត វាយប្រហារលើបណ្តោយតំបន់ព្រំដែននៅភាគខាងលិចប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទីក្រុងញូវដែលីចោទថា ទីក្រុងអ៉ីស្លាម៉ាបាដមានជាប់ពាក់ព័ន្ធ។
ចាប់តាំងពីការវាយប្រហាររបស់ឥណ្ឌាកាលពីថ្ងៃពុធ ប្រទេសជិតខាងទាំងពីរ បានបាញ់ផ្លោងឆ្លងព្រំដែន ហើយបញ្ជូនយន្តហោះដ្រូន និងមីស៉ីលចូលដែនអាកាសភាគីម្ខាងៗទៅវិញទៅមក ហើយអំឡុងការផ្ទុះឡើងនៃអំពើហិង្សានេះ មានមនុស្សយ៉ាងហោចជាង៤០នាក់បានស្លាប់ នៅប្រទេសទាំងសងខាង។ សម្រាប់ការវាយប្រហារថ្មីខាងលើពីសំណាក់យោធាប៉ាគីស្ថាន កងទ័ពឥណ្ឌាអះអាងថា វាត្រូវបានទប់ស្កាត់ ដោយមិនបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់ឡើយ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន គឺពោរពេញទៅដោយភាពតានតឹង ចាប់តាំងពីពួកគេទទួលបាន ឯករាជ្យពីអាណានិគមរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៧។ ប្រទេសទាំងពីរ ធ្លាប់ធ្វើសង្រ្គាមពេញទំហឹងជាមួយគ្នាចំនួន៣លើក ក្នុងនោះ ២លើកគឺដោយសារតែតំបន់ Kashmir ហើយធ្លាប់ប៉ះទង្គិចគ្នារាប់មិនអស់ឡើុយ។ ឥណ្ឌានិងប៉ាគីស្ថាន ទាមទារគ្រប់គ្រងទាំងស្រុងដូចគ្នាលើតំបន់នេះ ប៉ុន្តែសព្វថ្ងៃភាគីម្ខាងៗកំពុងកាន់កាប់ដោយផ្នែកប៉ុណ្ណោះ។ ប្រទេសទាំងពីរ ផលិតបានអាវុធនុយក្លេអ៊ែរ ដាច់ដោយឡែកពីគ្នា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០៕