(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូបបានឱ្យដឹងថា យន្តហោះចម្បាំងប៉ាគីស្ថាន១គ្រឿង ដែលផលិតដោយប្រទេសចិន បានបាញ់ទម្លាក់ យន្តហោះចម្បាំងរបស់យោធាឥណ្ឌា យ៉ាងហោច២គ្រឿង កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥។
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាងហោច១គ្រឿង ដែលបានធ្លាក់នោះ គឺជាយន្តហោះចម្បាំងផលិតដោយបារាំង Rafale។ មន្រ្តីអាមេរិកទាំង២រូប បានអះអាងថា យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin មិនត្រូវបានប្រើប្រាស់ អំឡុងការបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាឡើយ។
Rafale និងម៉ូដែលនៃយន្តហោះចម្បាំង J-10 ដែលប៉ាគីស្ថានប្រើប្រាស់ គឺត្រូវបានចាត់ទុកជា យន្តហោះចម្បាំងទំនើបមួយ ជំនាន់ ៤.៥។ សមត្ថភាពធ្វើប្រតិបត្តិការ របស់យន្តហោះចម្បាំងទំនើបចិន ប្រឆាំងគូប្រជែងលោកខាងលិច គឺជារឿងដែលទីក្រុងវ៉ាស៉ីនតោន មានការយកចិត្តដាក់ខ្ពស់ សម្រាប់វាយតម្លៃថាតើ ទីក្រុងប៉េកាំងអាចនឹងមានសមត្ថភាពកម្រិតណា ប្រសិនបើមានការប្រឈមមុខគ្នាលើផ្ទៃអាកាស នៅកោះតៃវ៉ាន់ ឬក៏នៅតំបន់ប៉ាស៉ីហ្វិកទាំងមូល។
គួរបញ្ជាក់ថា ទីក្រុងញូវដែលី មិនបានទទួលស្គាល់អំពីការបាត់បង់យន្តហោះចម្បាំងណាមួយរបស់ខ្លួនឡើយ ហើយបានអះអាងថា ខ្លួនបានធ្វើប្រតិបត្តិការវាយប្រហារដោយជោគជ័យ ប្រឆាំងនឹងអ្វីដែលឥណ្ឌាហៅថា ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករ នៅក្នុងទឹកដីរបស់ប៉ាគីស្ថាន។ យ៉ាងណាមិញ កាលពីថ្ងៃពុធ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា យន្តហោះចម្បាំងឥណ្ឌា៣គ្រឿង បានធ្លាក់ក្នុងទឹកដីឥណ្ឌា ដោយយោងតាមប្រភពពីមន្រ្តីប្រចាំមូលដ្ឋាន នៅប្រទេសឥណ្ឌា។ ប៉ាគីស្ថាន បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា សរុប៥គ្រឿង រួមមាន Rafale ៣គ្រឿង MIG-29 ១គ្រឿង និង Su-30 ១គ្រឿង៕