(រីយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ទី៩ ខែឧសភាថា អារ៉ាប៊ីសាអូឌីត ទំនងជាកំពុងសម្រេចចិត្តឡើងវិញ លើការចូលជាសមាជិកនៃសមាគមប្រទេស BRICS បើទោះជាទើបនឹងបានចូលរួមកិច្ចប្រជុំមួយ ក្នុងប្រទេសប្រេស៉ីល កាលពីសប្តាហ៍មុនក៏ដោយ។
សម្រាប់អារ៉ាប៊ីសាអូឌីត សមាជិកភាពនៅក្នុង BRICS មានភាពរសើបខាងការទូត ចាប់តាំងពីប្រទេសនេះ ត្រូវបានអញ្ជើញឱ្យចូលរួមកាលពីឆ្នាំ ២០២៣។ តាមគេហទំព័ររបស់ BRICS អារ៉ាប៊ីសាអូឌីត មិនទាន់បានក្លាយជាសមាជិកនៅឡើយទេ។ ចំណែកការិយាល័យទំនាក់ទំនង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ។
ក្រសួងការបរទេសប្រេស៉ីល បានបង្វែរឱ្យ Reuters សួរទៅកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ជុំវិញការបញ្ចូលឈ្មោះ ទៅក្នុងបញ្ជីរបស់ BRICS ហើយថាបច្ចុប្បន្នប្រេស៉ីលកំពុងធ្វើការពិនិត្យ។ បើតាមអ្នកការទូតម្នាក់ ទីក្រុង Riyadh មិនចង់ប្រថុយនឹងការខឹងសម្បាររបស់អាមេរិក ខណៈការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន កំពុងដំណើរការ។
គួរបញ្ជាក់ថា BRICS ដែលបង្កើតឡើងដំបូងមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដើម្បីទប់ទល់នឹងឥទ្ធិពល របស់លោកខាងលិច បានពង្រីកខ្លួនជាបន្តបន្ទាប់ ដោយរួមបញ្ចូល ប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដូចជាអេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងឥណ្ឌូណេស៉ី៕