(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយបានអះអាងពី «សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ខណៈដែលនៅឯទីក្រុងមូស្គូ ឧត្តមសេនីយ៍កំពូលរបស់លោកបានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសទិវាជ័យជម្នះនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងដំណើរទស្សនកិច្ចទៅស្ថានទូតរុស្ស៊ីជាមួយកូនស្រី លោក គីម បានអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានបញ្ជាក់ថា កូរ៉េខាងជើងនឹង «ពង្រឹង និងអភិវឌ្ឍ... សម្ព័ន្ធភាពដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី។

ទន្ទឹមគ្នានេះ នៅទីក្រុងមូស្គូ ក្រោយពីក្បួនព្យុហយាត្រារំលឹកទិវាជ័យជម្នះ ដែលមានការចូលរួមពីលោក ស៊ី ជីនពីង របស់ចិនផងដែរ លោក ពូទីន បានទទួលស្វាគមន៍ឧត្តមសេនីយ៍ផ្កាយបីកូរ៉េខាងជើង លោក Kim Yong Bok ដោយការចាប់ដៃ និងឱប។ លោក Kim Yong Bok ត្រូវបានគេចាត់ទុកថាជាឥស្សរជនសំខាន់ក្នុងការបញ្ជូនទ័ពកូរ៉េខាងជើងទៅរុស្ស៊ី ហើយស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។ លោក ពូទីន បានជូនពរដល់ «អ្នកចម្បាំងទាំងអស់» របស់លោក Kim Yong Bok។ ឧត្តមសេនីយ៍ម្នាក់ទៀតដែលរងទណ្ឌកម្ម គឺលោក Sin Kum Chol ក៏មានវត្តមានដែរ។

គួរបញ្ជាក់ថា ការដាក់ពង្រាយទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ព្រមទាំងគ្រាប់កាំភ្លើងធំ និងមីស៊ីល បានជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ Kursk។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ យោងតាមចារកម្មកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់ បានស្លាប់ក្នុងការប្រយុទ្ធឲ្យរុស្ស៊ី ក្នុងចំណោម ១៥,០០០នាក់ដែលបានបញ្ជូនទៅ។ ជាថ្នូរនឹងការគាំទ្រនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេជឿថា ទទួលបានជំនួយបច្ចេកទេសសម្រាប់ផ្កាយរណប ដ្រូន និងមីស៊ីលប្រឆាំងយន្តហោះពីទីក្រុងមូស្គូ៕