(ប៉េកាំង)៖ “ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះមានអត្ថន័យដ៏សំខាន់ ក្នុងការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនិងរំពឹងទុកពីអនាគត” “គោលជំហររបស់ចិននិងរុស្ស៊ីដែលរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះ នៃសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្រ្គាមលោកលើកទី២ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធ ព្រមទាំងបានជះឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយចំពោះទូទាំងពិភពលោក”។ល។
អំពីការដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី ព្រមទាំងចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមការពារជាតិដ៏មហិមា របស់សហភាពសូវៀតពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែឧសភា មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់។
ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត ក៏ដូចជាថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំង ហ្វាស៊ីសរបស់ពិភពលោក។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ ដោយឯកភាពគ្នាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ មានភាពកាន់តែស៊ីជម្រៅយ៉ាងមុតមាំមិនងាករេ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងរុស្ស៊ី រីកចម្រើនប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងកម្រិតខ្ពស់ នឹងរួមគ្នាផ្សព្វផ្សាយ ទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវនៃសង្គ្រាមលោកលើកទីពីរ គាំពារកិត្យានុភាពនិងឋានៈនៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ។
បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលប្រែប្រួលនិងរង្គោះរង្គើថ្មី ឯកតោភាគីនិយមនិងអនុត្តរភាព អាងកម្លាំងអំណាចបានងើបឡើងវិញ សណ្តាប់ធ្នាប់នយោបាយនិងសេដ្ឋកិច្ចសកលប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំង ។ ឈរលើផ្លូវបំបែកថ្មី តើប្រទេសទាំងពីរចិននិងរុស្ស៊ីនឹងមានទំនួលខុសត្រូវ ពិសេសបែបណាក្នុងនាមជាប្រទេសធំលើពិភពលោក និងជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ? ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។
ទំនួលខុសត្រូវពិសេសរបស់ចិននិងរុស្ស៊ី មុនដំបូងគឺបង្ហាញនៅត្រង់ការធ្វើជា “អ្នកអភិរក្សការចងចាំប្រវត្តិសាស្ត្រ”ដ៏មុតមាំ ។ នៅរយៈពេល៨០ឆ្នាំមុន ចិននិងសហភាពសូវៀតគឺជាសមរភូមិសំខាន់នៅអាស៊ីនិងអឺរ៉ុបដោយឡែកពីគ្នា ដែលបានរួមចំណែកប្រកបដោយលក្ខណៈសម្រេចសម្រាប់ជ័យជម្នះ នៃសង្រ្គាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ ប៉ុន្តែ ប្រវត្តិសាស្ត្របែបនេះបានត្រូវប្រទេសមួយចំនួនតូចកែបំភ្លៃ។ អំពីបញ្ហានេះ ប្រទេសទាំងពីរចិននិងរុស្ស៊ី បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមថា នឹងការពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរយ៉ាងមុតមាំ ខិតខំប្រឹងប្រែងបង្ការកុំឱ្យគំនិតដូចជាណាស៊ីនិយម និងពូជសាសន៍និយមដែលប្រឆាំងនឹងមនុស្សជាតិងើបឡើងវិញ។
ការអភិវឌ្ឍជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរបានផ្លាស់ប្តូរ ឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនជាង២០ច្បាប់ ដែលគ្របដណ្តប់វិស័យជាច្រើនដូចជា ការពារការវិនិយោគ សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងជំងឺឆ្លងនិងកិច្ចសហប្រតិបត្តិការខាងភាពយន្តជាដើម ។ មូលដ្ឋានដ៏នឹងនរនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងរុស្ស៊ីមានភាពកាន់តែរឹងមាំ កម្លាំងចលករខាងវឌ្ឍនភាពកាន់តែគ្រប់គ្រាន់ ហើយកម្លាំងជំរុញការអភិវឌ្ឍសកល ក៏កាន់តែខ្លាំងក្លាផងដែរ។
ក្នុងនាមជាប្រទេសធំលើពិភពលោកនិងជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទំនួលខុសត្រូវពិសេសរបស់ចិននិងរុស្ស៊ីក៏ត្រូវបង្ហាញនៅត្រង់ការធ្វើជា អ្នកការពារយុត្តិធម៌និងសមភាពអន្តរជាតិយ៉ាងមុតមាំដែរ ។ ក្នុងជំនួបពិភាក្សាការងារលើកនេះ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានគូសបញ្ជាក់ថា គួរធ្វើឱ្យកិច្ចសហការនិងកិច្ចសម្របសម្រួល លើវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេស BRICS ជាដើមមានភាពកាន់តែជិតស្និទ្ធ។ ប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ។ ឱ្យតែចិននិងរុស្ស៊ីទទួលខុសត្រូវដោយប្រកៀកស្មាគ្នា នោះ អនុត្តរភាពក៏មិនអាចឈ្នះបាន ហើយសណ្ដាប់ធ្នាប់អន្តរជាតិក៏គ្មានភាពច្របូកច្របល់ដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន