(ប៉េកាំង)៖ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ចិនបានអំពាវនាវយ៉ាងទទូចឱ្យឥណ្ឌានិងប៉ាគីស្ថាន ចៀសវាងដុតបញ្ឆេះភាពតានតឹងឱ្យកាន់តែឡើងកម្តៅខ្លាំងថែមទៀត ស្របពេលដែលជម្លោះរវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនេះ រីករាលដាលឆ្ពោះទៅរកការផ្ទុះជាសង្រ្គាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ រវាងឥណ្ឌានិងប៉ាគីស្ថាន ដោយភាគីទាំងពីរបានបន្តប្រយុទ្ធគ្នា ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះដ្រូន និងមីស៉ីល អស់រយៈពេល៤ថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃពុធនៅពេលដែលឥណ្ឌា បានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាសវាយចូលទឹកដីរបស់ប៉ាគីស្ថាន ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកសមស្របទៅវិញ។ ការផ្ទុះជម្លោះថ្មីចុងក្រោយនៃសត្រូវចាស់ទាំងពីរ គឺផ្តើមចេញពីករណីបាញ់រះរបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប់អ្នកទេសចរ២៦នាក់ នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ ឥណ្ឌាបានចោទប្រកាន់ថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ ប៉ុន្តែទីក្រុងអ៉ីស្លាម៉ាបាដបានបដិសេធ៕