(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែឧសភានេះ ដោយគាំទ្របទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃដែលត្រូវបានស្នើឡើងក្នុងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយថាសហភាពអឺរ៉ុប (EU) បានត្រៀមរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងមូស្គូ ប្រសិនបើបទឈប់បាញ់ត្រូវបំពាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី von der Leyen បានសរសេរលេីប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា « ការសម្រេចឥឡូវនេះគឺនៅក្នុងដែរុស្ស៉ី។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាការដាក់សម្ពាធខ្លាំងលើរុស្ស៉ី និងដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងករណីមានការបំពានបទឈប់បាញ់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យរុស្ស៉ី និងអ៊ុយក្រែនបញ្ចប់សង្រ្គាមនេះ ខណៈដែលលោកបានជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែនក៏យល់ព្រម៕