(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរនូវអ្វីដែលលោកហៅថា «ការចាប់ផ្ដើមឡើងវិញទាំងស្រុង» នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន មុនថ្ងៃទី២នៃកិច្ចចរចា នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា រវាងក្រុមមន្ត្រីកំពូលៗមកពីទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សំដៅបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដែលកើតឡើង ដោយសារគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានកោតសរសើរពីកិច្ចពិភាក្សាដ៏ល្អប្រសើរ និងប្រកបដោយលក្ខណៈស្ថាបនា។
លោក ត្រាំ បានបន្ថែមថា «យើងចង់ឃើញភាពល្អប្រសើរសម្រាប់ចិន និងសហរដ្ឋអាមេរិក ព្រមទាំងការបើកចំហទីផ្សារចិនសម្រាប់បណ្ដាក្រុមហ៊ុនអាមេរិក។ ភាពរីកចម្រើនកំពុងកើនឡើង»។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ថាតើអ្វីទៅជាភាពរីកចម្រើនដែលលោកបានលើកឡើងនោះទេ។
គួរបញ្ជាក់ថា កិច្ចចរចាបិទទ្វាររវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ដែលនេះជាកិច្ចពិភាក្សាទល់មុខជាលើកដំបូងបំផុតរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ចាប់តាំងពីលោក ត្រំា បានដំឡើង ការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន កាលពីខែមេសាមក។ ក្រុមមន្ត្រីចិន និងអាមេរិកក៏បានជួបគ្នារួចហើយដែរកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា នៅឯទីក្រុងហ្សឺណែវ៕