(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា បាននិយាយថាលោកផ្ទាល់ជឿជាក់ថាទីក្រុងមូស្គូបានចាប់ផ្ដើមពិចារណាលើ ការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជាមួយរុស្ស៉ី ក្នុងករណីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន យល់ព្រមទទួលយក បទឈប់បាញ់មួយដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការលើកឡើងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយ អ៊ុយក្រែន នៅថ្ងៃទី១៥ ខែឧសភា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «វាជាសញ្ញាវិជ្ជមានដែលរុស្ស៉ីនៅទីបំផុតទៅបានចាប់ផ្ដើមពិចារណាលើការបិទបញ្ចប់សង្រ្គាម»។ លោកបន្តថា «ពិភពលោកទាំងមូលកំពុងរង់ចាំមើលសញ្ញានេះជាយូរមកហើយ តែការបោះជំហានដំបូងយ៉ាងពិតប្រាកដឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម នោះគឺបទឈប់បាញ់»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី រួមជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលនឹងអាចចាប់ផ្ដើមនៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ប្រសិនបើរុស្ស៉ីយល់ព្រម។ តែព្រមពេលជាមួយគ្នា មេដឹកនាំអឺរ៉ុបក៏បានព្រមានដែរថានឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី បើលោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់នេះទេនោះ៕