(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីមួយ ដែលត្រូវបានមេដឹកនាំទាំងពីរពិពណ៌នាថាជា «ការទម្លាយភាពទាល់ច្រក» ក្នុងទំនាក់ទំនងសេដ្ឋកិច្ច។ ទោះយ៉ាងណា អ្នកជំនាញបានព្រមានពីគុណវិបត្តិយ៉ាងធ្ងន់ធ្ងរសម្រាប់ចក្រភពអង់គ្លេស។
កិច្ចព្រមព្រៀងនេះ កាត់បន្ថយពន្ធរបស់អាមេរិកលើរថយន្តពី ២៧.៥% មក ១០% និងដែកថែបរបស់អង់គ្លេស។ ជាថ្នូរមកវិញ ចក្រភពអង់គ្លេសបានយល់ព្រមពង្រីកការចូលទីផ្សារសម្រាប់សាច់គោ និងផលិតផលកសិកម្មអាមេរិក ដែលជាសម្បទានមួយបង្កការមិនពេញចិត្តពីកសិករអង់គ្លេស។ ទោះជាយ៉ាងនេះក្តី ពន្ធនាំចូលមូលដ្ឋាន ១០% របស់អាមេរិកលើទំនិញអង់គ្លេសភាគច្រើននៅតែមាន ហើយវិស័យសំខាន់ៗ ដូចជាឱសថ និងពាណិជ្ជកម្មឌីជីថល មិនត្រូវបានរាប់បញ្ចូលឡើយ។
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កិច្ចព្រមព្រៀងនេះមានគុណវិបត្តិធ្ងន់ធ្ងរសម្រាប់អង់គ្លេស ដោយអាមេរិកទទួលបានទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន ដែលនឹងផ្តល់ផលចំណេញផ្តាច់មុខដល់ក្រុមហ៊ុនធំៗរបស់អាមេរិក។ ពួកគេព្រមានថា វាគំរាមកំហែងដល់ឧស្សាហកម្មកសិកម្មអង់គ្លេសទាំងមូល ដោយសារកសិករខ្នាតតូច និងមធ្យមក្នុងស្រុក មិនអាចប្រកួតប្រជែងជាមួយការនាំចូលថោកពីអាមេរិកបានទេ។
អ្នកជំនាញអឺរ៉ុបបានលើកឡើងពីក្តីបារម្ភអំពីគុណភាពអាហារអាមេរិក ដែលអាចមានកម្រិតទាបជាង រួមទាំងសាច់មាន់លាងដោយក្លរីន សាច់គោពីសត្វចិញ្ចឹមដោយអរម៉ូន និងផលិតផលកែប្រែហ្សែន ដែលបច្ចុប្បន្នត្រូវបានហាមឃាត់នៅអង់គ្លេស និងសហភាពអឺរ៉ុប ដោយសារហានិភ័យសុខភាពសាធារណៈ។
កិច្ចព្រមព្រៀងថ្មីនេះ ក៏អាចបង្កហានិភ័យដល់សេវាសុខភាពជាតិ (NHS) របស់អង់គ្លេសផងដែរ។ តាមការទាមទាររបស់អាមេរិក អង់គ្លេសត្រូវតែផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនអាមេរិកចូលទីផ្សារសេវាវេជ្ជសាស្ត្រ និងធ្វើឯកជនភាវូបនីយកម្មផ្នែកខ្លះនៃ NHS ដែលអាចនាំឲ្យមានការលុបបំបាត់ការថែទាំសុខភាពដោយឥតគិតថ្លៃ។ លើសពីនេះ អាមេរិកទទូចឲ្យពង្រីកភាពផ្តាច់មុខលើឱសថដល់ ១២ឆ្នាំ ដែលនឹងធ្វើឲ្យតម្លៃថ្នាំពេទ្យនៅអង់គ្លេសកើនឡើងប្រមាណ ៥០០លានផោនក្នុងមួយឆ្នាំ។
លើសពីនេះ កិច្ចព្រមព្រៀងរួមបញ្ចូលឃ្លាការពារវិនិយោគិន ដែលអនុញ្ញាតឲ្យសាជីវកម្មប្តឹងរដ្ឋចំពោះការខាតបង់ប្រាក់ចំណេញ ដូចករណីក្រុមហ៊ុនថ្នាំជក់ Philip Morris ប្តឹងអូស្ត្រាលី។ ការសម្រេចចិត្តរបស់ទីក្រុងឡុងដ៍ធ្វើកិច្ចព្រមព្រៀងដាច់ដោយឡែកនេះ ក៏ត្រូវបានគេមើលឃើញថា ធ្វើឲ្យប៉ះពាល់ដល់ភាពរឹងមាំរួមរបស់អឺរ៉ុបក្នុងការប្រឆាំងនឹងគោលនយោបាយពន្ធរបស់អាមេរិកផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រពន្ធសកលរបស់លោក ត្រាំ និងជាការប៉ុនប៉ងរបស់ចក្រភពអង់គ្លេសក្នុងការអះអាងអត្តសញ្ញាណពាណិជ្ជកម្មឯករាជ្យក្រោយ Brexit ទោះបីជាត្រូវប្រឈមនឹងការរិះគន់ និងក្តីបារម្ភជាច្រើនក៏ដោយ៕