(Reuters)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាមានបំណងទទួលយកអំណោយជាយន្ដហោះ Boeing 747-8 ដ៏ប្រណិតមួយគ្រឿង ពីគ្រួសាររាជវង្សកាតា ដែលអាចនឹងត្រូវបានប្រើប្រាស់ជាយន្ដហោះ Air Force One។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមប្រភពដែល Reuters ទទួលបាន យន្ដហោះដ៏ប្រណិតខាងលើនឹងក្លាយជាអំណោយដ៏មានតម្លៃថ្លៃបំផុតមួយមិនធ្លាប់មានដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលអាមេរិក ហើយអាចនឹង ត្រូវបានប្រគល់ជាអំណោយទៅកាន់បណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ នៅក្រោយចប់អាណត្តិ។ យន្ដហោះ Boeing 747-8 នេះដែរមានតម្លៃជិត ៤០០លានដុល្លារ។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា លោក ដូណាល់ ត្រាំ ក៏ហាក់ទទួលស្គាល់ពីការផ្ដល់អំណោយជាយន្ដហោះខាងលើ ផងដែរ។ «ដូច្នេះជាការពិតក្រសួងការពារជាតិកំពុងទទួលអំណោយ ដោយមិនមានការគិតថ្លៃ ជាយន្ដហោះ៧៤៧មួយគ្រឿង ដើម្បីជំនួសយន្ដហោះ Air Force One ដែលមានអាយុកាលជាង ៤០ឆ្នាំ ជាបណ្ដោះអាសន្ន នៅក្រោមការព្រមព្រៀងគ្នាប្រកបដោយតម្លាភាព និងជាសាធារណៈ»។ នេះការបង្ហោះរបស់លោក ត្រាំ ដោយឆ្លៀតឌឺដងផ្លែផ្កាដាក់គណបក្សប្រជាធិបតេយ្យថា ចង់ចំណាយមិនចាំបាច់លើយន្ដហោះ Air Force One ថ្មី។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះដែរ អ្នកនាំពាក្យម្នាក់របស់កាតា លោក Ali Al-Ansari បានប្រាប់កាសែតអាមេរិក New York Times លទ្ធភាពនៃផ្ដល់យន្ដហោះជាអំណោយ កំពុងស្ថិតក្រោមការពិចារណា ហើយមិនទាន់មានការសម្រេចចិត្តនៅឡើយទេ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញអាមេរិកបានហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការទទួលយកអំណោយពីព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ឬពីបរទេសណាមួយ។ ប៉ុន្តែ លោក ត្រាំ អាចគេចផុតពីការប្រឈមមុខ តាមផ្លូវច្បាប់ តាមរយៈការប្រគល់យន្ដហោះនេះទៅឱ្យបណ្ណាល័យប្រធានាធិបតីរបស់លោក នៅពេលលោកចប់អាណត្តិ។ ព័ត៌មានពីការផ្ដល់អំណោយជាយន្ដហោះនេះកើតមានឡើង ខណៈ លោក ត្រាំ កំពុងត្រៀមធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានកាតាផងដែរ នៅក្នុងសប្ដាហ៍នេះ៕