(តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ តបតាមការអញ្ជើញរបស់សមាជិកសភាអង់គ្លេស ខណៈវាគឺជាដំណើរទស្សនកិច្ចមួយ កើតមានឡើងស្របពេលដែលទីក្រុងឡុងដ៍ ព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរជាមួយទីក្រុងប៉េកាំង ហើយចិនកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើឱ្យតៃវ៉ាន់ឯកោផ្នែកការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។

ដូចទៅនឹងប្រទេសភាគច្រើនលើពិភពលោកដែរ ចក្រភពអង់គ្លេសមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែការផ្លាស់ប្តូរ​ផ្នែកសេដ្ឋកិច្ចនិងនយោបាយរវាងភាគីទាំងពីរ បានកើនឡើង ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធនយោបាយនិងយោធា ដើម្បីបង្ខំឱ្យ​ទីក្រុងតៃប៉ិ ទទួលយកការទាមទារអធិបតេយ្យរបស់ចិន។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន។

លោកស្រី Tsai ដែលបានចាកចេញពីតំណែងកាលពីខែឧសភា ឆ្នាំមុន បានក្លាយជានិមិត្តរូបនៃការតស៊ូមិនចុះញ៉មរបស់តៃវ៉ាន់ ប្រឆាំងនឹងការដាក់សម្ពាធរបស់ចិន។ ឥឡូវលោកស្រី កំពុងស្ថិតនៅប្រទេសលីទុយអានី ហើយនឹងធ្វើដំណើរទៅកាន់ដាណឺម៉ាក បន្ទាប់មកបន្តទៅចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ។

តាមពិតទៅលោកស្រី Tsai ត្រូវធ្វើដំណើរទៅទីក្រុងឡុងដ៍ តាំងពីខែតុលា ឆ្នាំ២០២៤ ប៉ុន្តែផែនការនោះ គឺគាប់ជួបគ្នាជាមួយ​ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy ទៅកាន់ទីក្រុងប៉េកាំង ក្នុងគ្រាដែលទីក្រុងឡុងដ៍ ព្យាយាមកំណត់ទំនាក់ទំនងឡើងវិញជាមួយចិន ហើយលោកស្រី Tsai បានសម្រេចចិត្តមិនទៅវិញ។ កាលពីឆ្នាំមុន លោកស្រី Tsai បានបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែក បារាំង បែលហ្ស៉ិក និងកាណាដា ហើយបានបង្កឱ្យមានការថ្កោលទោសពី​ទីក្រុងប៉េកាំងដែលចាត់ទុកលោកស្រី ជាបុគ្គលបំបែករដ្ឋ។

គួរបញ្ជាក់ថា ទោះបីមិនមានទំនាក់ទំនងផ្លូវការក៏ដោយ តៃវ៉ាន់មើលឃើញចក្រភពអង់គ្លេស ជាដៃគូដ៏សំខាន់មួយ។ នៅឆ្នាំ២០២៣ តៃវ៉ាន់និងអង់គ្លេស បានចុះកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មកាន់តែប្រសើរ ហើយអង់គ្លេសក៏ស្ថិតក្នុងចំណោមប្រទេស ដែលបានជួយតៃវ៉ាន់ក្នុងកម្មវិធីអភិវឌ្ឍន៍នាវាមុជទឹកផ្ទាល់ខ្លួនផងដែរ ខណៈកម្មវិធីនេះគឺជាផ្នែកដ៏សំខាន់នៃកិច្ច​ប្រឹងប្រែងរបស់លោកស្រី Tsai ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន៕