(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចាត់វិធានការស្របតាមច្បាប់ ទាក់ទងនឹងការផ្តល់យន្តហោះមួយគ្រឿងពីប្រទេសកាតាទៅឲ្យក្រសួងការពារជាតិ ហើយមិនមានការព្រួយបារម្ភអំពីអ្វីដែលកាតាអាចនឹងស្នើសុំជាថ្នូរនោះទេ។ នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោកស្រី Leavitt បានបញ្ជាក់ថា «រដ្ឋាភិបាលកាតាបានផ្តល់ជូនដោយសប្បុរសក្នុងការបរិច្ចាគយន្តហោះមួយគ្រឿងដល់ក្រសួងការពារជាតិ។ ព័ត៌មានលម្អិតផ្លូវច្បាប់នៅតែកំពុងដំណើរការនៅឡើយ»។ លោកស្រីបានបន្ថែមថា «ការបរិច្ចាគណាមួយដល់រដ្ឋាភិបាលនេះ តែងតែធ្វើឡើងដោយគោរពតាមច្បាប់ ហើយយើងប្តេជ្ញាខ្លួនយើងឱ្យមានតម្លាភាពបំផុត»។
នៅពេលត្រូវបានសួរថាតើសេតវិមានព្រួយបារម្ភពីការទាមទារអ្វីមួយជាថ្នូរពីកាតាដែរឬទេ លោកស្រី Leavitt បានឆ្លើយថា «ទេ ពីព្រោះពួកគេស្គាល់ប្រធានាធិបតី ត្រាំ ហើយពួកគេដឹងថាគាត់ធ្វើការដើម្បីផលប្រយោជន៍សាធារណៈជនអាមេរិកជាចម្បង»។
ប្រភពបាននិយាយថា យន្តហោះប្រណីតនេះអាចជាប្រភេទ Boeing 747-8 ថ្មី ដែលមានតម្លៃប្រហែល ៤០០លានដុល្លារ នឹងក្លាយជាអំណោយដ៏មានតម្លៃបំផុតមិនធ្លាប់មានពីរដ្ឋាភិបាលបរទេស ហើយទីបំផុតនឹងត្រូវបានបរិច្ចាគទៅឲ្យបណ្ណាល័យប្រធានាធិបតី ត្រាំ បន្ទាប់ពីលោកចាកចេញពីតំណែង។
ការពិចារណាលើការផ្តល់យន្តហោះនេះ កើតឡើងស្របពេលដែលលោក ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាតា ដែលបានដើរតួនាទីការទូតយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា នីតិវិធីនៃការទទួលអំណោយពីបរទេសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាទូទៅត្រូវឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ផ្នែកច្បាប់ និងក្រមសីលធម៌៕