(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា មន្រ្តីអាមេរិកបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ភ្លើងបៃតង ចំពោះគម្រោងលក់យន្តហោះយោធា និងបរិក្ខារផ្សេងទៀត គិតជាទឹកប្រាក់ស្មើ១.៤ពាន់លានដុល្លារ ឱ្យទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ស្របពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច នៅក្រុមប្រទេសអារ៉ាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គម្រោងខាងលើ រួមមានការលក់ឧទ្ធម្គាភចក្រយោធា CH-47F Chinook ៦គ្រឿង និងសម្ភារផ្សេងទៀត សម្រាប់តម្លៃចំនួន ១.៣២ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ក្រៅពីឧទ្ធម្ភាគចក្រ ក្រសួងការបរទេសអាមេរិក ក៏បានផ្តល់ការអនុញ្ញាតចំពោះការលក់គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ១៣០លានដុល្លារ ថែមទៀតផង។

គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត នាថ្ងៃអង្គារនេះ ហើយបន្ទាប់ពី​អារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីអាមេរិក នឹងបន្តទៅទស្សនកិច្ចនៅកាតា ព្រមទាំងអេមីរ៉ាតអារ៉ាប់រួម។ អំឡុងដំណើរទស្សនកិច្ច លោក ត្រាំ នឹងជជែកអំពីតម្រូវការផ្នែកការទូត ស្តីពីបញ្ហាតំបន់ហ្កាហ្សានិងប្រទេសអ៉ីរ៉ង់ រួមជាមួយកិច្ចព្រមព្រៀងធុរកិច្ចធំៗ ដែលមានចាប់​តាំងពីវិស័យការពារជាតិ អាកាសចរណ៍ រហូតដល់វិស័យថាមពល និងបញ្ញាសិប្បនិម្មិត (AI)៕