(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា មានប្រទេសមហាអំណាចធំមួយ កំពុងតែឈ្លក់វង្វេងនឹងគំនិត «អ្នកខ្លាំងអាចធ្វើអ្វីបានតាមអំពើចិត្ត» ខណៈវាជាសម្តីហាក់មានគោលដៅលើសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន បានប្រកាសពីការបញ្ចុះមកវិញ នូវការដំឡើងពន្ធយ៉ាងខ្ពស់សងសឹកគ្នាទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងអំឡុងកិច្ចប្រជុំនៃវេទិការវាងចិន និងក្រុមប្រទេសមកពីតំបន់អាមេរិកឡាទីន នៅទីក្រុងប៉េកាំង លោកប្រមុខការទូតចិន បាននិយាយថា ប្រទេសមហាអំណាចមួយនោះ កំពុងតែប្រើប្រាស់ចំណាត់ការពន្ធគយជាអាវុធ ដើម្បីសម្លុតគំរាមធ្វើបាបប្រទេសដទៃ ហើយលោក Wang បានទទូចឱ្យក្រុមប្រទេសអាមេរិកឡាទីន ចូលរួមជាមួយចិន ដើម្បីរក្សាការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់​របស់ពួកគេ។

គួរបញ្ជាក់ថា ការព្រលយពាក្យសម្តីរបស់លោក Wang ធ្វើឡើង បន្ទាប់ពីចិននិងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមកាលពីចន្ទ ស្តីពីលទ្ធផលនៃជំនួបចរចាសង្រ្គាមពាណិជ្ជកម្ម នៅឯប្រទេសស្វីស កាលពីចុងសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយម្ខាងៗ ចំនួន១១៥ភាគរយ ចុះមកវិញជាបណ្តោះអាសន្ន សម្រាប់រយៈពេល៩០ថ្ងៃ ពោលគឺពន្ធអាមេរិកលើទំនិញចិន នឹងត្រូវទម្លាក់មកត្រឹម៣០ភាគរយ ខណៈពន្ធចិនលើទំនិញអាមេរិក នឹងថយមកនៅ១០ភាគរយ។ ការព្រមព្រៀងគ្នានេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៤ ខែឧសភា៕