(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៣ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីន និងការាបៀននៅក្រុងប៉េកាំងព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Xi Jinping បានប្រកាសថា ប្រទេសចិននិងប្រទេសអាមេរិកឡាទីននឹងពួតដៃគ្នាកសាងគម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារ និងអភិវឌ្ឍន៍ និងរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន។
លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន»។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសនានាមានតែរួមសាមគ្គីគ្នា និងធ្វើកិច្ចសហការ និងការសម្របសម្រួលគ្នា ទើបអាចគាំពារសន្តិភាព និងស្ថិរភាពពិភពលោក ជំរុញការអភិវឌ្ឍនិងភាពរុងរឿងនៃសកលលោក ។ សង្គ្រាមពន្ធគយ និងពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ អនុត្តរភាពមានតែធ្វើឱ្យខ្លួននៅឯកកោតែប៉ុណ្ណោះ ។ ប្រទេសចិននិងប្រទេសអាមេរិកឡាទីន និងការាបៀនសុទ្ធតែជាសមាជិកដ៏សំខាន់ នៃសកលខាងត្បូង ឯករាជ្យនិងស្វ័យភាពគឺជាប្រពៃណីដ៏រុងរឿងរបស់យើង ការស្តារនិងអភិវឌ្ឍន៍គឺជាសិទ្ធិរបស់យើង សច្ចយុត្តិធម៌គឺជាការស្វែងរករួមរបស់យើង។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាមេរិកឡាទីន ដើម្បីពួតដៃគ្នាកសាងគម្រោងធំចំនួន៥ រួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ រួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ។ ទី១គឺគម្រោងរួមសាមគ្គីគ្នា ទី២ គម្រោងអភិវឌ្ឍន៍ ទី៣ គម្រោងអរិយធម៌ ទី៤គម្រោងសន្តិភាព ទី៥គម្រោងតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន។
លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា មិនថាស្ថានការណ៍អន្តរជាតិ មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសអាមេរិកឡាទីន និងការាបៀបជារៀងរហូត ហើយនឹងប្រកៀកស្មាជាមួយ ប្រទេសអាមេរិកឡាទីនក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន៕
វិទ្យុមិត្តភាពកម្ពុជាចិន