(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ថា លោកនឹងបញ្ជាឲ្យដកទណ្ឌកម្មទាំងឡាយ ដែលដាក់លើប្រទេសស៊ីរី ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងតាមការស្នើសុំរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីតួកគីយ៉េ ហើយធ្វើឡើងមុនជំនួបរវាងលោក ត្រាំ និងមេដឹកនាំស៊ីរី លោក Ahmed al-Sharaa។
ថ្លែងនៅក្នុងវេទិកាវិនិយោគមួយនៅទីក្រុងរីយ៉ាដ លោក ត្រាំ បានមានប្រសាសន៍ថា «ខ្ញុំនឹងបញ្ជាឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី ដើម្បីផ្តល់ឲ្យពួកគេនូវឱកាសដ៏អស្ចារ្យ... វាជាពេលវេលារបស់ពួកគេដើម្បីបញ្ចេញពន្លឺ»។ មន្ត្រីសេតវិមានបានឲ្យដឹងថា លោក ត្រាំ ក៏បានជួបលោក Sharaa នៅថ្ងៃពុធនេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអតីតមេបញ្ជាការក្រុមអាល់កៃដា ដែលបានឡើងកាន់អំណាចក្រោយការដួលរលំរបស់លោក Bashar al-Assad។
ការដកទណ្ឌកម្មដែលធ្លាប់បានកាត់ផ្ដាច់ស៊ីរីពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក នឹងបើកផ្លូវសម្រាប់ការចូលរួមកាន់តែទូលំទូលាយពីអង្គការមនុស្សធម៌ និងសម្រួលដល់ការវិនិយោគនិងពាណិជ្ជកម្មពីបរទេសសម្រាប់ការកសាងប្រទេសឡើងវិញ។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani បានហៅចំណាត់ការនេះថាជា «ចំណុចរបត់មួយ» ហើយបានបញ្ជាក់ថា ស៊ីរីត្រៀមខ្លួនជំរុញទំនាក់ទំនងជាមួយអាមេរិកដោយឈរលើការគោរពគ្នាទៅវិញទៅមក។ ប្រធានាធិបតីលីបង់ លោក Joseph Aoun ក៏បានសាទរចំពោះ «ទង្វើដ៏ក្លាហាន» នេះផងដែរ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយដ៏ធំនេះ អាចនឹងមានការប្រែប្រួលយ៉ាងខ្លាំងដល់ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ៕