(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធ ទី១៤ ខែឧសភា ថា បាន «គាំទ្រក្រុមហាម៉ាស់» បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Macron បានហៅគោលនយោបាយរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា «គួរឲ្យអាម៉ាស់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក Netanyahu បានឆ្លើយតបដោយបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រកាន់ខ្ជាប់នូវគោលដៅសង្គ្រាមរបស់ខ្លួន នោះគឺដើម្បីធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ការកម្ចាត់ក្រុមហាម៉ាស់ និងធានាថាតំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។
គួរបញ្ជាក់ថា ការវាយប្រហារដោយពាក្យសម្តីនេះ បានគូសបញ្ជាក់ពីភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប្រទេសអឺរ៉ុបមួយចំនួន ជុំវិញប្រតិបត្តិការយោធានៅហ្គាហ្សា និងផលប៉ះពាល់លើជនស៊ីវិល៕