(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ចេញនូវទណ្ឌកម្ម ដែលកំណត់គោលដៅលើកិច្ចប្រឹងប្រែងរបស់អ៉ីរ៉ង់ ក្នុងការផលិតគ្រឿងបង្គុំមីស៉ីលក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥។

ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២​ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គភាពមានទំនាក់ទំនង ជាមួយកងឆ្មាំបដិវត្តន៍ ត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ មីស៉ីលផ្លោងអន្តរទ្វីប។

គួរបញ្ជាក់ថា ចាប់​តាំង​ពី​​ចូលកាន់តំណែងជាប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវ​​យុទ្ធនាការដាក់សម្ពាធលើ​អ៉ីរ៉ង់​ ទោះបីជាបច្ចុប្បន្នទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងដំណើរការចរចាអំពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ក៏ដោយ៕