(អាប៊ូដាប៊ី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បាននិយាយថាសហរដ្ឋអាមេរិកខិតកាន់កៀកនឹងការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយអ៉ីរ៉ង់ ដែលនឹងបញ្ចៀសការធ្វើសកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងប្រទេសកាតា មុននឹងរូបលោកបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ការបំពេញទស្សនកិច្ចជុំទី៣ និងជាជុំចុងក្រោយ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងកាតា។ លោក ត្រាំ បានលើកឡើងក្នុងទីក្រុងដូហា ប្រទេសកាតាថា «យើងនឹងមិនធ្វើឱ្យទីតាំងនុយក្លេអ៊ែរណាមួយនៅក្នុងប្រទេសអ៉ីរ៉ង់ ក្លាយទៅជាផេះនោះទេ។ ខ្ញុំគិតថាយើងកំពុងខិតកាន់តែកៀកនឹងការចុះកិច្ចព្រមព្រៀងមួយដោយមិនចាំបាច់ធ្វើរឿងមួយនេះ (ធ្វើសកម្មភាពយោធា)»

គួរបញ្ជាក់ថា អ៉ីរ៉ង់បានចូលរួមក្នុងកិច្ចចរចា៤ជុំរួចមកហើយជាមួយសហរដ្ឋអាមេរិកស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ អះអាងថាខ្លួនកំពុងព្យាយាមបញ្ចៀសការធ្វើ សកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ តាមរយៈការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីណាមួយជាមួយតេហេរ៉ង់ នៅចំពោះមុខការបញ្ចុះបញ្ចូលពីអ៉ីស្រាអែលឱ្យទីក្រុងវ៉ាស៊ីនតោនប្រើធម៌ក្ដៅលើអ៉ីរ៉ង់៕