(វ៉ាស៉ីនតោន)៖ ឧស្សាហកម្មទេសចរណ៍ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិក ស្ថិតក្នុងផ្លូវឆ្ពោះទៅរកការខាតបង់ប្រាក់ចំណូល ១២.៥ពាន់លានដុល្លារ ពីអ្នកទេសចរបរទេសនៅឆ្នាំនេះ គ្រាដែលរដ្ឋបាលលោក ត្រាំ បាននិងកំពុងដឹកនាំការបង្ក្រាបជនអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។
លោក ដូណាល់ ត្រាំ បានប្រើវោហាសាស្រ្តនយោបាយចោទប្រកាន់ ដាក់ចេញនូវពន្ធលើទំនិញបរទេស ជាហេតុនាំឱ្យមានកិច្ចខិតខំប្រឹងប្រែងច្រើន ដោយអ្នកប្រើប្រាស់ធ្វើពហិការប្រឆាំងផលិតផលអាមេរិក និងអំពាវនាវឱ្យឈប់ទៅលេងអាមេរិកជាដើម។ តាមការសិក្សាដោយស្ថាប័ន WTTC និង Oxford Economics សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលត្រូវបានព្យាករពីការធ្លាក់ចុះ នៃការចំណាយរបស់ភ្ញៀវទេសចរបរទេស នៅឆ្នាំនេះ។
ការធ្លាក់ចុះមកចំនួន ១៨១ពាន់លានដុល្លារ នៃថវិកាចំណាយរបស់ភ្ញៀវទេសចរបរទេស គឺស្មើនឹង ២២.៥ភាគរយធៀបនឹងកម្រិតកំពូលដែលបានកំណត់ កាលពីមួយទសវត្សរ៍មុន។ នេះតំណាងឱ្យផលប៉ះពាល់ផ្ទាល់ ចំពោះសេដ្ឋកិច្ចអាមេរិកទាំងមូល រាប់ចាប់ពីសហគមន៍ ការងារ រហូតដល់អាជីវកម្ម។ ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញពីការធ្លាក់ចុះខ្លាំងនូវភ្ញៀវទេសចរ មកពីប្រទេសធំៗមួយចំនួន ក្នុងខែមីនាឆ្នាំ ២០២០ ដោយជិត ១៥ភាគរយពីចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ជាង២០ភាគរយពីអាល្លឺម៉ង់ អៀរឡង់ អេស្ប៉ាញ និងកាណាដា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ វិស័យទេសចរណ៍បានរួមចំណែក ២.៦ពាន់ពាន់លានដុល្លារក្នុងសេដ្ឋកិច្ចអាមេរិក និងគាំទ្រដល់ការងារជាង ២០លាន។ វិស័យនេះក៏បានរួមចំណែកច្រើនជាង ៥៨៥ពាន់លានដុល្លារនៅក្នុងប្រាក់ចំណូលពន្ធ ឬស្ទើរតែ ៧ភាគរយនៃចំនួនសរុប៕