(អាប៊ុយដាប៊ី)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា ប្រទេសអារ៉ាប់មួយនេះ គ្រោងវិនិយោគរហូតដល់ ១.៤ទ្រីលានដុល្លារ (ពាន់ពាន់លាន) នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងចេញពីវិមានប្រធានាធិបតី នៅទីក្រុងអាប៊ុយដាប៊ី ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម Sheikh Mohamed bin Zayed បានប្រកាសថា អេមីរ៉ាតអារ៉ាប់រួមគ្រោងវិនិយោគ ១.៤ទ្រីលានដុល្លារនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ នៅក្នុងវិស័យដូចជា បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងថាមពល។ ការប្រកាសនេះធ្វើឡើង អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាគោលដៅទស្សនកិច្ចចុងក្រោយគេ របស់លោក ត្រាំ មកកាន់ពិភពអារ៉ាប់ ក្នុងសប្តាហ៍នេះ។ កិច្ចព្រមព្រៀងធុរកិច្ចធំៗដទៃទៀត ដែលត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់លោក នៅក្នុងតំបន់ រួមមានទាំង​កិច្ចព្រមព្រៀងកាតាទិញយន្តហោះ Boeing រហូតដល់២១០គ្រឿង, កិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាវិនិយោគ ៦០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងអាមេរិកលក់សព្វាវុធ​​ ១៤២ពាន់លានដុល្លារ​ឱ្យទីក្រុងរីយ៉ាដ។