(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៦​ ខែឧសភា ចិនបាននិយាយថា ខ្លួនសង្ឃឹមថា កិច្ចចរចាសន្តិភាពរវាងរុស្ស៉ីនិងអ៊ុយក្រែន ដែលជាកិច្ចពិភាក្សាគ្នាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ នឹងអាចបើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលយុត្តិធម៌និងឋិតថេរយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «យើងគាំទ្រកិច្ចប្រឹងប្រែងទាំងអស់ ដែលមានគោលដៅ​ដើម្បីសន្តិភាព... សង្ឃឹមថាភាគីពាក់ព័ន្ធ នឹងបន្តកិច្ចសន្ទនានិងការចរចាគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដែលយុត្តិធម៌ ឋិតថេរយូរអង្វែង និងមានប្រសិទ្ធភាព ហើយអាចទទួលយកបាន ដោយគ្រប់ភាគីទាំងអស់»។

គួរបញ្ជាក់ថា យោងតាមប្រភពពីក្រសួងការបរទេសតួកគីយ៉េ កិច្ចប្រជុំត្រីភាគីរវាងគណៈប្រតិភូរុស្ស៉ី អ៊ុយក្រែន និងក្រុមមន្រ្តីតួកគីយ៉េ នឹងប្រព្រឹត្តទៅនៅទីក្រុងអ៉ីស្តង់ប៊ូល នាម៉ោង៩៖៣០នាទីព្រឹកថ្ងៃសុក្រនេះ ម៉ោង GMT។ ប្រតិភូរបស់រុស្ស៉ី ដឹកនាំដោយទីប្រឹក្សាប្រធានាធិបតីរុស្ស៉ី ខណៈប្រតិភូអ៊ុយក្រែន ដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិ។ ការចរចាខាងលើ ត្រូវធ្វើឡើង ត្រឹមកម្រិតមន្រ្តីបែបនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបដិសេធសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលចង់ឱ្យអ្នកទាំងពីរជួបមុខចរចាគ្នាផ្ទាល់ ជាលើកដំបូង។ រុស្ស៉ីនិងអ៊ុយក្រែន មិនដែលជួបចរចាគ្នាឡើយ ចាប់តាំងពីឆ្នាំ២០២២ ក្រោយការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕