(បាងកក)៖ ប៉ូលិសនៅប្រទេសថៃ បានចាប់ខ្លួនព្រះចៅអធិការវត្តមួយអង្គ ក្រោមការចោទប្រកាន់ថា ព្រះតេជគុណអង្គនោះ បានកិបកេងលុយរហូតដល់៩លានដុល្លារ ដែលជាបច្ច័យបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមអ្នកស៉ើបអង្កេតមកពីទីភ្នាក់ងារ CIB បានចោទប្រកាន់ព្រះចៅអធិការវត្ត Rai ស្ថិតនៅជាយទីក្រុងបាងកក គឺព្រះតេជគុណ Phra Thammachiranuwat ពីបទកិបកេងយកលុយជាង៣០០លានបាត ឬស្មើនឹង៩លានដុល្លារអាមេរិក ចេញពីគណនីរបស់វត្ត រួចផ្ទេរចូលទៅគណនីផ្ទាល់ខ្លួន។ ក្រោយការតាមដានលំហូរប្រាក់ ក្រុមអ្នកស៉ើបអង្កេតបានរកឃើញ ដាននៃលុយមានប្រភពចេញពីវត្តខាងលើ នៅក្នុងបណ្តាញល្បែងស៉ីសងបៀអនឡាញខុសច្បាប់មួយ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សង្រ្គាជវត្តខាងលើនាពេលនេះ ត្រូវបានផ្សឹកហើយ ខណៈជនសង្ស័យម្នាក់ទៀត មានភេទស្រី ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយអាជ្ញាធរកំពុងស៉ើបថាតើ មានអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែរឬទេ។ ក្រោយកើតមានករណីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅប្រទេសថៃ បានលើកឡើងថា នាពេលក្រោយ ពួកគេនឹងបរិច្ចាគប្រាក់ទៅកាន់មន្ទីរពេទ្យ និងសាលារៀន ជាជាងវត្តអារាម ប៉ុន្តែខ្លះទៀតបានលើកហេតុផលថា មិនមែនព្រះសង្ឃទាំងអស់សុទ្ធតែអាក្រក់នោះឡើយ ចូរកុំវាយតម្លៃជារួម៕