(ដូហា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវផែនការដ៏ចម្រូងចម្រាសរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ដោយស្នើឲ្យសហរដ្ឋអាមេរិក «យក» តំបន់ហ្គាហ្សាដែលខ្ទេចខ្ទាំដោយសង្គ្រាម ហើយប្រែក្លាយវាទៅជា «តំបន់សេរីភាព» ដែលជាគំនិតមួយដែលត្រូវបានបកស្រាយថា អាចរួមបញ្ចូលការបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងប្រទេសកាតា លោក ត្រាំ បានអះអាងថា ហ្គាហ្សាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង «ជាក់ស្តែងគ្មានអគារណានៅឈរទេ» ដូច្នេះការដែលអាមេរិកចូលទៅគ្រប់គ្រង និងអភិវឌ្ឍ គឺជារឿងសមស្រប។ ប៉ុន្តែ ប្រជាជនប៉ាឡេស្ទីនបានបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតណាមួយដែលបង្ខំពួកគេឲ្យចាកចេញពីទឹកដីរបស់ខ្លួន ដោយប្រៀបធៀបវាទៅនឹងមហន្តរាយ "Nakba" ឆ្នាំ ១៩៤៨។
មន្ត្រីក្រុមហាម៉ាស់ លោក Basem Naim បានឆ្លើយតបថា ហ្គាហ្សា «មិនមែនជាអចលនទ្រព្យសម្រាប់លក់ទេ» ទោះបីលោកទទួលស្គាល់ថា លោក ត្រាំ មានឥទ្ធិពលអាចបញ្ចប់សង្គ្រាមក៏ដោយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅសំណើរបស់លោក ត្រាំ ថាជា «ចក្ខុវិស័យដ៏ក្លាហាន» ហើយបានបង្ហើបពីការពិភាក្សាអំពីលទ្ធភាពដែលប្រទេសផ្សេងៗអាចទទួលយកជនជាតិប៉ាឡេស្ទីនពីហ្គាហ្សា។
គួរបញ្ជាក់ថា ផែនការរបស់លោក ត្រាំ ដែលមិនខ្វល់ពីអធិបតេយ្យភាពប៉ាឡេស្ទីន និងអាចនាំឲ្យមានការផ្លាស់ទីលំនៅប្រជាជនទ្រង់ទ្រាយធំ កំពុងតែបន្ថែមប្រេងទៅលើភ្លើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបង្ហាញពីការបែកបាក់ទស្សនៈយ៉ាងខ្លាំងលើអនាគតតំបន់ហ្គាហ្សា៕