(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនបានទៅចូលរួមក្នុងកិច្ចចរចាមួយ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាក្នុងទីក្រុង Istanbul ប្រទេសតួកគីយ៉េនោះទេ។ វិមានក្រឹមឡាំងបានបញ្ចេញឈ្មោះគណៈប្រតិភូដោយគ្មានឈ្មោះរបស់លោក ពូទីន ឡើយ។ កាលពីថ្ងៃពុធ វិមានក្រឹមឡាំង បាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន្ត្រីការពារជាតិ លោក Alexander Fomin នឹងត្រូវចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែន។ យ៉ាងណាក៏ដោយ កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែនត្រូវធ្វើឡើងដដែល ដោយលោក ហ្សេលេនស្គី បានបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរបស់លោកទៅចរចាជាមួយរុស្ស៉ី ក្នុងទីក្រុង Istanbul នៅថ្ងៃសុក្រ ទី១៦ ខែឧសភាវិញ។

បន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំង មន្ត្រីអាមេរិកម្នាក់បាននិយាយថាលោក ត្រំា ក៏នឹងមិនទៅចូលរួមក្នុងកិច្ចចរចាដែរ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកបង្ហើបពីបំណងចង់ចូលរួមកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន។ លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺជាអ្នកដែលបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែហេតុអ្វីបានជាលោកមិនទៅចូលរួម ហើយតើលោកចង់បានអ្វីឱ្យប្រាកដ? លោក ពូទីន កាលពីចុងខែមីនាកន្លងទៅ បាននិយាយថាកងកម្លាំងរុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិទាំងមូល និងថែមទាំងបានព្រលយទៀតផងថាទីក្រុងមូស្គូខិតកាន់តែជិតដល់ការវាយផ្ដួលកងទ័ពអ៊ុយក្រែន។ «យើងមានហេតុផលដែលអាចជឿជាក់បានថាយើងកំពុងជិតបង្ហើយពួកគេ ហើយប្រជាជននៅអ៊ុយក្រែនចាំបាច់ត្រូវដឹងថាតើអ្វីកំពុងកើតឡើង»។ នេះជាការលើកឡើងរបស់លោក ពូទីន។ ក្នុងន័យនេះលោក ពូទីនប្រហែលជាចង់បានន័យថា «រុស្ស៉ីកំពុងឈ្នះ នៅលើសមរភូមិ ដូច្នេះរុស្ស៉ីគួរតែយកបាននូវអ្វីដែលខ្លួនចង់បាន»។

តាមវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាមមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងពេលជាង១៦ខែមកនេះ កងកម្លាំងរុស្ស៉ីបានវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនទំហំជាង ៤៧៣១គីឡូម៉ែត្រក្រឡា។ ក្នុងរយៈពេលនេះដែរ រដ្ឋាភិបាលអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីជាង ៤០០ ០០០នាក់បានស្លាប់ និងរងរបួស ដែលនេះជាការបាត់បង់ចំនួនកងទ័ពដ៏ច្រើនដើម្បីគ្រប់គ្រងបានត្រឹមតែ១ភាគរយនៃទឹកដីអ៊ុយក្រែន។ តាមរយៈការបាតបង់នេះ លោក ពូទីន ទំនងជាមិនងាយនឹងត្រូវបានបញ្ចុះបញ្ចូលនោះទេ។ លោកស្រី Tatiana Stanovaya ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌល Carnegie Russia Eurasia Center បាននិយាយថាលោក ពូទីននៅតែរំពឹងការដួលរលំខ្សែការពារ របស់កងទ័ពអ៊ុយក្រែន បន្ទាប់ពីធ្វើឱ្យអ៊ុយក្រែនចុះខ្សោយបន្តិចម្ដងៗ ហើយបើរឿងនេះកើតឡើងពិតមែន នោះវានឹងក្លាយជាការវាយប្រហារផ្លូវចិត្តយ៉ាងធំមួយដល់ឥស្សរជននយោបាយធំៗនៅអ៊ុយក្រែន ដែលអាចធ្វើឱ្យពួកគេនិយាយ ចេញមកក្រៅថាលោក ហ្សេលេនស្គីត្រូវតែចុះចេញពីតំណែង ដើម្បីទុកឱ្យពួកយើងជាអ្នកស្វែងរកកិច្ចព្រមព្រៀងជាមួយលោក ពូទីនដោយខ្លួនឯង។ តាមលោកស្រី Stanovaya លោក ពូទីននៅតែជឿជានិច្ចថារឿងបែបនេះ គួរតែកើតឡើង ហើយអាចនឹងកើតឡើង។

ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកវិភាគរូបនេះបានបន្ថែមថាលោក ពូទីន ក៏ចង់ថែរក្សាទំនាក់ទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំផងដែរដែលជាប្រធានាធិបតីអាមេរិកម្នាក់មើលទៅមានភាពទន់ភ្លន់ជាមួយរុស្ស៉ីជាងគេ ក្នុងពេលជាច្រើនឆ្នាំមកនេះ។ ចង់ឱ្យរដ្ឋាភិបាលោក ហ្សេលេនស្គីដួលរលំផង និងចង់ការពារទំនាក់ទំនងជាមួយលោក ត្រាំផង លោក ពូទីន ទំនងជាមិនអាចសម្រេចបានទាំង២ក្នុងពេលតែមួយនោះទេ តែលោកនឹងបន្តព្យាយាមទាញយកប្រយោជន៍ពីស្ថានភាព២ផ្សេងគ្នានេះ។ នេះហើយជាហេតុផលដែលលោកស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន។ លោកស្រី Stanovaya បានបន្ថែមថា «សំណើរៀបចំកិច្ចចរចានៅ Istanbul ដោយចាត់ប្រតិភូទៅចូលរួមជំនួស គឺជាការប៉ុនប៉នមួយរបស់លោក ពូទីន ដើម្បីឃាត់លោក ត្រាំឱ្យបន្តស្ថិតនៅក្នុងដំណើរការនៃកិច្ចចរចា។ លោកមិនមែនធ្វើវាដើម្បីប្រជាជនអ៊ុយក្រែនទេ តែលោកធ្វើវាដើម្បីលោក ត្រាំតែម្នាក់គត់»។ ដូច្នេះមិនថាមានអ្វីកើតឡើងនៅឯកិច្ចចរចានៅថ្ងៃសុក្រ ទី១៦ ខែឧសភា គឺគ្រាន់តែជាល្ខោនមួយប៉ុណ្ណោះ ហើយម្ខាងៗនឹងព្យាយាមចូលរួមលេងល្ខោនរៀងៗខ្លួន។ ប៉ុន្តែការពិតជាក់ស្ដែង មិនមានលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សាដ៏ពិតប្រាកដមួយចំពោះបទឈប់បាញ់ ឬសន្តិភាព នោះឡើយ៕