(កៀវ)៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាម (POWs) ចំនួន ១,០០០នាក់ពីភាគីនីមួយៗ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov ប្រាប់ទូរទស្សន៍អ៊ុយក្រែន នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។
លោក Umerov បានបញ្ជាក់ថា ប្រសិនបើការដោះដូរនេះប្រព្រឹត្តទៅមែន នោះវានឹងក្លាយជាការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងបីឆ្នាំ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសនេះ កើតឡើងស្របពេលដែលអ្នកចរចារុស្ស៊ី និងអ៊ុយក្រែនកំពុងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់។
គួរបញ្ជាក់ថា ការដោះដូរអ្នកទោស គឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗដែលភាគីអ៊ុយក្រែនបានលើកឡើង ក្នុងកិច្ចចរចាសន្តិភាពនាពេលកន្លងមក៕