(អ៊ីស្តង់ប៊ុល)៖ កិច្ចចរចាសន្តិភាពដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា បានបរាជ័យក្នុងការឈានទៅដល់ការព្រមព្រៀងលើបទឈប់បាញ់មួយ។ ភាគីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ហើយបានចាប់ផ្តើមប្រមូលការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។

កិច្ចពិភាក្សាដែលមានរយៈពេលតិចជាងពីរម៉ោងនេះ គឺជាជំនួបមុខទល់មុខលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ខណៈដែលរុស្ស៊ីបានសម្តែងការពេញចិត្តចំពោះកិច្ចពិភាក្សា ហើយភាគីទាំងពីរត្រូវបានគេរាយការណ៍ពីមុនថា បានយល់ព្រមលើការដោះដូរអ្នកទោសសង្គ្រាម ១,០០០នាក់ក្នុងម្ខាងៗ, ប្រភពនៅក្នុងគណៈប្រតិភូអ៊ុយក្រែនបានប្រាប់ Reuters ថា ការទាមទាររបស់រុស្ស៊ីគឺ «ហួសពីការពិត និងលើសពីអ្វីដែលបានពិភាក្សាពីមុន» ដោយរួមមានឱសានវាទឲ្យអ៊ុយក្រែនដកខ្លួនចេញពីទឹកដីមួយចំនួនដើម្បីទទួលបានបទឈប់បាញ់។

អ្នកនាំពាក្យរបស់លោក Zelenskyy បាននិយាយថា ភ្លាមៗបន្ទាប់ពីកិច្ចចរចា ប្រធានាធិបតីអ៊ុយក្រែនបានទូរសព្ទទៅលោក ដូណាល់ ត្រាំ និងមេដឹកនាំបារាំង អាល្លឺម៉ង់ និងប៉ូឡូញ។ ទីក្រុងកៀវចង់ឲ្យលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីកាន់តែតឹងរ៉ឹង ប្រសិនបើទីក្រុងមូស្គូមិនព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃដែលជំរុញដោយលោក ត្រាំ។ លោក Zelenskyy បានបញ្ជាក់ថា អាទិភាពរបស់អ៊ុយក្រែនគឺ «បទឈប់បាញ់ពេញលេញ គ្មានលក្ខខណ្ឌ និងស្មោះត្រង់» ជាមុនសិន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ជំហររបស់រុស្ស៊ីគឺមិនអាចទទួលយកបានទេ ហើយថាមេដឹកនាំអឺរ៉ុប អ៊ុយក្រែន និងសហរដ្ឋអាមេរិក «កំពុងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ» ដើម្បីឆ្លើយតប។

ភាគីរុស្ស៊ីបានអះអាងថា ខ្លួនចង់បញ្ចប់សង្គ្រាមដោយការទូត និងត្រៀមពិភាក្សាបទឈប់បាញ់ ប៉ុន្តែបារម្ភថាអ៊ុយក្រែនអាចនឹងប្រើការផ្អាកនេះដើម្បីប្រមូលកម្លាំងឡើងវិញ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចោទលោក ពូទីន ថាមិនមានភាពស្មោះត្រង់ចំពោះសន្តិភាព។

គួរបញ្ជាក់ថា ការបរាជ័យនៃកិច្ចចរចាដោយផ្ទាល់ជុំដំបូងនេះ បានបង្ហាញពីគម្លាតដ៏ធំរវាងជំហររបស់ភាគីទាំងពីរ និងឧបសគ្គដ៏ស្មុគស្មាញនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយជាងបីឆ្នាំនេះ៕