(វ៉ាស៉ីនតោន)៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន បាននិយាយថា ការសម្រេចចិត្តលាលែងពីមុខតំណែងគឺដោយសារតែខ្លួនមិនយល់ស្របនឹងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ ២០២៥។
លោកស្រី Bridget Brink បានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ុយក្រែនចាប់ពីខែឧសភា ឆ្នាំ ២០២២ រហូតសុំលាលែងកាលពីខែមេសា ។ លោកស្រីគូសបញ្ជាក់ថា «ខ្ញុំគោរពសិទ្ធិ និងទំនួលខុសត្រូវរបស់ប្រធានាធិបតី ក្នុងការកំណត់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជាមួយនិងការត្រួតពិនិត្យត្រឹមត្រូវ និងមានសមតុល្យពីសភាអាមេរិក។ ជាអកុសល គោលនយោបាយដែលមានតាំងពីរដ្ឋបាល លោក ត្រាំ ចូលមក គឺដាក់សម្ពាធលើជនរងគ្រោះអ៊ុយក្រែន ជាជាងលើអ្នកឈ្លានពានរុស្ស៉ី»។
គួរបញ្ជាក់ថា លោកស្រី Brink ធ្វេីការក្នុងនាមជាអ្នកគាំទ្រអ៊ុយក្រែនយូមកហេីយក្រោមការគ្រប់គ្រងជំនាន់ លោក បៃដិន។ ប៉ុន្តែក្រោយមកលោកស្រីត្រូវបាន លោក ហ្សេលេនស្គី រិះគន់ជាសាធារណៈ កាលពីខែមេសា ជុំវិញប្រតិកម្មរបស់លោកស្រី ទៅនឹងការវាយប្រហារដោយមីស៉ីលរបស់រុស្ស៊ីលើទីក្រុង Kryvyi Rih ដែលបានសម្លាប់មនុស្ស ២០នាក់៕