(កៀវ)៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធារបស់អ៊ុយក្រែន GUR បានអះអាងថា រុស្ស៉ីគ្រោងនឹងធ្វើតេស្តបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ក្នុងបំណងកំញើញដាក់អ៊ុយក្រែន និងក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីភ្នាក់ងារ GUR បាននិយាយថា ការបាញ់សាកល្បងនោះ នឹងប្រព្រឹត្តទៅនៅតំបន់ Sverdlovsk របស់រុស្ស៉ី ហើយមីស៉ីលដែលត្រូវបាញ់តេស្ត អាចហោះបានចម្ងាយលើស១០ ០០០គីឡូម៉ែត្រ។ ទីភ្នាក់ងារ GUR បានបន្តថា ការបាញ់តេស្តមីស៉ីល ICBM ស៊េរី RS-24 របស់រុស្ស៉ី មានគោលដៅដាក់សម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន រួមជាមួយបណ្តារដ្ឋ ដែលជាសមាជិកសហភាពអឺរ៉ុប និងអង្គការ NATO។
គួរបញ្ជាក់ថា ជាធម្មតារុស្ស៉ីមិនឆ្លើយតបសំណួរ ស្តីពីផែនការបាញ់តេស្តមីស៉ីលនុយក្លេអ៊ែររបស់ខ្លួនឡើយ ព្រោះព័ត៌មានអំពីរឿងនេះ ត្រូវបានចាត់ទុកជាការណ៍សម្ងាត់យោធា។ ទោះជាបែបនេះក៏ដោយ រុស្ស៉ីតែងតែចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ក្រោយពេលខ្លួនធ្វើតេស្តរួចរាល់។ រយៈពេលជាង៣ឆ្នាំ ក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី អ៊ុយក្រែនកំពុងស្ថិតក្រោមសម្ពាធខ្លាំង ខណៈរុស្ស៉ីព្យាយាមស្វែងរកវឌ្ឍនភាពលើសមរភូមិ នៅតំបន់ភាគខាងកើតអ៊ុយក្រែន ហើយកិច្ចប្រឹងប្រែងតាមផ្លូវការទូត ដើម្បីបញ្ចប់សង្រ្គាម មកទល់ពេលនេះ មិនទាន់សម្រេចបានលទ្ធផលអ្វី៕