(វ៉ាសូវី)៖ ក្រុមមន្រ្តីប៉ូឡូញ បានរឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី ដោយការិយាល័យពន្ធ និងគយរបស់ប៉ូឡូញ និយាយថា ជាការបំពានលើទណ្ឌកម្មរបស់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ ២០២៥។

ក្រោយសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងរុស្ស៉ី និងសម្ព័ន្ធមិត្តគឺបេឡារុស ដែលពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះផលិតដោយបរទេស។ ចំណែក ឧស្សាហកម្មអាកាសចរណ៍របស់រុស្ស៉ី កំពុងជួបការលំបាកក្នុងការរកយន្តហោះ មកបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។

រដ្ឋបាលប្រមូលចំណូលជាតិប៉ូឡូញ បានឱ្យដឹងថា អំឡុងពេលត្រួតពិនិត្យរថយន្តដឹកទំនិញ នៅភូមិ Koroszczyn ក្រុមមន្រ្តីរកឃើញថា អ្នកបើកបរដឹកជញ្ជូនសំបកកង់យន្តហោះស៉ីវិលរបស់ Boeing មិនមែនសំបកកង់រថយន្តធុនតូច និងរថយន្តក្រុង ដូចការជូនដំណឹងនោះទេ។ អ្នកផ្ញើទំនិញគឺជាក្រុមហ៊ុនមកពីអេស្ប៉ាញ ហើយអ្នកទទួលគឺនៅអាស៊ៃបៃហ្សង់។ ពេលនេះដំណើរការស៉ើបអង្កេត គឺទាក់ទងនឹងការក្លែងបន្លំពន្ធគយ។ វាជាប្រភេទទំនិញដែលស្ថិតក្រោមការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសង្រ្គាមនៅឆ្នាំ ២០២២ ក្រុមហ៊ុន Boeing បានអះអាងពីការផ្អាកផ្នែកថែទាំ និងជំនួយបច្ចេកទេស សម្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ក៏ដូចជាប្រតិបត្តិការសំខាន់ៗ នៅក្នុងទីក្រុងមូស្គូ។ Boeing ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនខ្លួន ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចេញ៕