(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែឧសភាថា ក្នុងសប្តាហ៍នេះ អាកាសធាតុនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសចិន បានកើនឡើងសីតុណ្ហភាពក្តៅខ្លាំង ដល់កម្រិតបំបែកកំណត់ត្រាប្រចាំខែឧសភា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សីតុណ្ហភាព បានកើនឡើងលើសពី ៤០អង្សាសេ នៅក្នុងទីក្រុងសំខាន់ៗមួយចំនួន រាប់បញ្ចូលទាំងទីក្រុង Zhengzhou មានប្រជាជន ១៣លាននាក់នៃខេត្ត Henan ភាគកណ្តាល ដែលមានសីតុណ្ហភាព ៤១អង្សាសេ។​ ចំណែក ទីក្រុង Linzhou ដែលនៅជាប់គ្នានោះ សីតុណ្ហភាពបានកើនឡើងដល់ ៤៣.២អង្សាសេ ខណៈទីក្រុងតូចមួយ Shahe ក្នុងខេត្ត Hebei ភាគខាងជើង មានសីតុណ្ហភាព ៤២.៩អង្សាសេ។ តាមទីភ្នាក់ងារអាកាសធាតុជាតិ គិតត្រឹមរសៀលថ្ងៃចន្ទ ស្ថានីយអាកាសធាតុចំនួន ៩៩ ទូទាំងប្រទេស វាស់ឃើញកំដៅត្រូវគ្នា ឬលើសពីកំណត់ត្រាសីតុណ្ហភាពនៃខែឧសភាមុនៗ។ ទីភ្នាក់ងារអាកាសធាតុ បាន​ជំរុញ​ប្រជាជនប្តូរសម្លៀក​បំពាក់តាម​​ពេល​ ដែល​អាកាសធាតុ​ប្រែប្រួលដើម្បី​ចៀសវាង​ជំងឺផ្តាសាយ។

គួរបញ្ជាក់ថា ប្រទេស​ចិន​ មានលក្ខខណ្ឌអាកាសធាតុខ្លាំង រាប់​ចាប់​ពី​កំដៅ​ ​និងគ្រោះ​រាំង​ស្ងួត ​រហូត​ដល់​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់ អំឡុងពេលនៃ​រដូវ​ក្តៅ​៕