(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចទៅកាន់តំបន់ Kursk ភាគខាងលិចប្រទេសជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៉ី បានវាយបណ្តេញកងកម្លាំងអ៊ុយក្រែនអស់ទាំងស្រុង ចេញពីតំបន់នោះកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វិមានក្រឹមឡាំងបាននិយាយថា អំឡុងទស្សនកិច្ចធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ពូទីន បានជួបជាមួយអង្គការស្ម័គ្រចិត្ត ក្នុងតំបន់ Kursk ហើយលោកក៏បានទៅពិនិត្យមើលស្ថានីយថាមពលនុយក្លេអ៊ែរ Kursk-II ថែមទៀតផង។ បើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋ លោក ពូទីន ត្រូវគេមើលឃើញ ជួបសំណេះសំណាលជាមួយក្រុមអ្នកស្ម័គ្រចិត្ត និងមន្រ្តីប្រចាំតំបន់រួមមានទាំងអភិបាលស្តីទី លោក Alexander Khinshtein។ លោកប្រធានាធិបតីរុស្ស៉ី ត្រូវបានអមដំណើរដោយលោក Sergei Kiriyenko ដែលជានាយរងខុទ្ទកាល័យវិមានក្រឹមឡាំង។
គួរបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅ រុស្ស៉ីបានអះអាងថា ខ្លួនបានវាយបណ្តេញកងកម្លាំងអ៊ុយក្រែនអស់ទាំងស្រុង ចេញពីតំបន់ Kursk វិញ។ អ៊ុយក្រែនបានឆ្មក់វាយលុកចូលតំបន់ Kursk កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ហើយកាន់កាប់បានទឹកដីទំហំជិត ១៤០០គីឡូម៉ែត្រក្រឡា៕