(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា យោធានៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។
យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រទះឃើញសញ្ញានៃការបាញ់មីស៉ីលខាងលើ នាវេលាម៉ោងខ្ទង់៩ព្រឹក ចេញពីតំបន់ Sondok ក្នុងខេត្ត South Hamgyong របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ហើយអាជ្ញាធរស៉ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងអាមេរិក កំពុងរៀបចំការវិភាគដោយលម្អិតមួយ ចំពោះសកម្មភាពបាញ់មីស៉ីលនេះ។
គួរបញ្ជាក់ថា វាគឺជាការបាញ់មីស៉ីលថ្មីចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីប៉ុន្មានគ្រាប់ ចូលក្នុងសមុទ្រខាងកើត កាលពីថ្ងៃទី៨ ខែឧសភា៕