(ហាណូយ)៖ ក្រសួងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា សហរដ្ឋអាមេរិក និងវៀតណាម បានសម្រេចកិច្ចចរចាជុំទីពីរ ស្តីអំពីបញ្ហាពន្ធគយ ហើយយល់ព្រមបន្តការពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាដែលមិនទាន់ដោះស្រាយបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥។
ក្រសួងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា កិច្ចចរចាជុំទីពីរ ធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដោយមានការចូលរួមពីរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។ ចុងបញ្ចប់នៃកិច្ចចរចា វៀតណាម និងសហរដ្ឋអាមេរិក បានរកឃើញនូវបញ្ហាស្រដៀងគ្នា ក៏ដូចជាបញ្ហាដែលត្រូវពិភាក្សាបន្ថែម ដើម្បីឈានដល់ការឯកភាព នាពេលខាងមុខ។ ភាគីទាំងពីរកត់សម្គាល់ថា ការពិភាក្សាថ្មីនឹងបន្តនៅដើមខែមិថុនា។
គួរបញ្ជាក់ថា វៀតណាម ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយប្រឈមមុខនឹងពន្ធបដិការខ្ពស់បំផុតមួយ ដែលកំណត់ដោយសេតវិមាន ក្នុងអត្រា ៤៦ភាគរយ។ វៀតណាម មានពេលចរចាជាមួយអាមេរិក រហូតដល់ខែកក្កដា ដូចប្រទេសដទៃទៀតដែរ៕