(ប៉េកាំង)៖ ថ្ងៃទី២០ ខែឧសភា លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ មានអ្នកសារព័ត៌មានសួរថា អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន បានថ្លែងសុន្ទរកថាក្នុងខួប១ឆ្នាំនៃការឡើងកាន់មុខតំណែង ហើយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា។ តើក្រុមប្រឹក្សាកិច្ចការរដ្ឋចិនមានអធិប្បាយណាយ៉ាង ចំពោះខ្លឹមសារពាក់ព័ន្ធនឹងទំនាក់ទំនង រវាងត្រើយទាំងសងខាង ដែលលើកឡើងក្នុងសុន្ទរកថាជាច្រើនលើករបស់ អ្នកដឹកនាំតំបន់តៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ?
លោក Chen Binhua បានឆ្លើយតបថា សុន្ទរកថារបស់អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន នាពេលថ្មីៗកន្លងទៅនេះ មួយផ្នែក គឺនៅតែទទូចប្រកាន់យកគោលជំហរអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងដើរតាមផ្លូវខុសឆ្គងដែល "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ តាមរយៈការពឹងផ្អែកទៅលើកម្លាំងបរទេស" និង "ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែក ទៅលើកម្លាំងអាវុធ"ដដែល ហើយបានឃោសនាបំប៉ោងពី “ការគំរាមកំហែងពីតំបន់ដីគោកនៃប្រទេសចិន” ដើម្បីញុះញង់ឱ្យត្រើយទាំងសងខាងបដិបក្ខគ្នា ជំរុញឱ្យសេដ្ឋកិច្ច នៃត្រើយទាំងសងខាងផ្តាច់ទំនាក់ទំនង ក៏ដូចជារារាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការរវាងត្រើយទាំងសងខាងទៀតផង ។ មួយផ្នែកទៀត ពួកគេក៏អះអាងថា រីករាយធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការជាមួយតំបន់ដីគោកនៃប្រទេចិន ក្រោមបុរេល័ក្ខខ័ណ្ឌមាន “សេចក្តីថ្លៃថ្នូរស្មើភាពគ្នា ” ប៉ុនប៉ងរៀបចំឡើងវិញនូវការពិគ្រោះពិភាក្សាគ្នា និងកិច្ចសន្ទនារវាង ត្រើយទាំងសងខាងលើមូលដ្ឋាន “ ទ្រឹស្តីថ្មីស្តីពីរដ្ឋពីរ ” ។ កលល្បិចនិយាយផ្សេងធ្វើផ្សឹងបែបនេះ គ្មានន័យអី្វនិងមិនបានការទេ គឺប្រាកដជានឹងទទួលបរាជ័យជាមិនខាន ។
មិនថាអ្នកដឹកនាំតំបន់តៃវ៉ាន់និយាយអី្វក្តី ក៏មិនអាចកែប្រែឋានៈនិងការពិត ដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិននោះឡើយ ហើយក៏កាន់តែមិនអាចរារាំងនិន្នាការទូទៅ នៃប្រវត្តិសាស្ត្រដែរ ពោលគឺមាតុប្រទេសចិនប្រាកដជាសម្រេចបាន នូវការបង្រួបបង្រួមជាតិ ជាក់ជាមិនខាន៕