(វ៉ាស៊ីនតោន)៖ ការវាយប្រយុទ្ធគ្នានៅលើផ្ទៃអាកាសកាលពីពេលថ្មីៗនេះរវាងប៉ាគីស្ថាន និងឥណ្ឌា បានធ្វើឱ្យគេមើលឃើញថាតើអំណាចកងទ័ពអាកាសចិនមានគម្លាតកម្រិតណាពីអំណាចរបស់ កងទ័ពអាកាសអាមេរិក ហើយវាមិនមែនត្រឹមតែជាសារព្រមានសម្រាប់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ តែក៏សម្រាប់កោះតៃវ៉ាន់ផងដែរ។ ការអះអាងរបស់ឥណ្ឌា និងប៉ាគីស្ថាននៅតែស្ថិតក្នុង ភាពប្រទាញប្រទង់ ប៉ុន្តែអ្វីដែលក្រុមអ្នកជំនាញមើលឃើញ នោះគឺប្រព័ន្ធអាវុធរបស់ចិនកាន់តែមានសមត្ថភាពខ្ពស់។ ប៉ាគីស្ថានបានអះអាងថាយន្ដហោះចម្បាំង J-10C ផលិតដោយចិនរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាជាច្រើនគ្រឿង តែខាងឥណ្ឌាបានច្រានចោលការអះអាងនេះ។
ជាការពិតណាស់ បើទោះជាការអះអាងរបស់ប៉ាគីស្ថានជាការពិតក៏ដោយ ក៏អាវុធរបស់ចិនមិនទាន់តាមទាន់ ឬអាចធ្វើការប្រៀបធៀបដោយផ្ទាល់ជាមួយអាវុធរបស់សហរដ្ឋអាមេរិកបាននៅឡើយទេ។ យន្ដហោះចម្បាំងចិន J-10C មិនមែនជាយន្ដហោះបំបាំងកាយពេញលេញដូចជាយន្ដហោះចម្បាំងអាមេរិក F-22 ឬ F-35 នោះទេ។ ក៏ប៉ុន្តែ J-10C មានបំពាក់នូវបច្ចេកវិទ្យាមួយចំនួនដែលធ្វើឱ្យ ប្រព័ន្ធរ៉ាដាពិបាកចាប់សញ្ញា។ ម្យ៉ាងវិញទៀត ការរះឡើងរបស់ J-10C ក៏បានគូសបញ្ជាក់ផងដែរពីការវិនិយោគដ៏ធំរបស់គណបក្សកុម្មុយនិស្ដចិនលើកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន PLA និងឆ្លើយតបទៅនឹងគោលដៅរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលចង់ធ្វើទំនើបកម្មយោធាចិនឱ្យបានពេញលេញនៅត្រឹមឆ្នាំ២០២៧។
ការប្រើប្រាស់យន្ដហោះចម្បាំង J-10C នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា អាចសន្មត់បានថាគោលដៅធ្វើទំនើបកម្មយោធាចិនរបស់លោក ស៊ី ជីនពីង កំពុងជឿនលឿនទៅមុខ បើទោះជា ចិនកំពុងដឹកនាំប្រតិបត្តិការកម្ចាត់អំពើពុករលួយនៅក្នុងជួរយោធាក៏ដោយ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែជាមហាអំណាចយោធាលេខ១នៅលើពិភពលោក ដោយមានយន្ដហោះយោធាច្រើនជាង រុស្ស៉ី ចិន ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុនបូកបញ្ចូលគ្នាទៅទៀត។ នេះបើតាមរបាយការណ៍ FlightGlobal’s World Air Forces 2025។ ប៉ុន្តែចិនកំពុងដេញតាមពីក្រោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកសព្វថ្ងៃនៅតែរក្សាបាននូវឧត្តមភាពលើគេខាងយន្ដហោះចម្បាំងជំនាន់ទី៥ ដូចជា F-22 និង F-35 ទោះជាចិនកំពុងដេញតាមពីក្រោយយ៉ាងប្រកិត ក៏ពិតមែន។
តាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) ចិនត្រូវបានរាយការណ៍ថាអាចផលិតយន្ដហោះចម្បាំងជំនាន់ទី៥ J-20 ជាង ១០០គ្រឿង ក្នុងមួយឆ្នាំ និងផលិតយន្ដហោះចម្បាំងផ្សេងទៀតច្រើនជាងនេះ៣ដង ដូចជាយន្ដហោះចម្បាំង J-10C និង J-16។ CSIS បន្ថែមទៀតថាតាមរយៈការបង្កើនការផលិតយន្ដហោះចម្បាំង និងនាវាចម្បាំង បានបង្ហាញថាយោធា និងឧស្សាហកម្មយោធារបស់ចិនកំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក។
លោក Mike Dahm ជាអ្នកជំនាញជាន់ខ្ពស់សិក្សាពីចិន និងអវកាសមកពីវិទ្យាស្ថាន Mitchell Institute for Aerospace Studies បាននិយាយថាចិនក៏កំពុងចាប់ផ្ដើមតាមដេញតាមពីក្រោយ សហរដ្ឋអាមេរិកដែរលើការធ្វើសមារណកម្មនៃប្រព័ន្ធអាវុធ។ តាមអ្នកជំនាញរូបនេះ យោធាអាមេរិកមានសមត្ថភាពយ៉ាងធំក្នុងការធ្វើសមរណកម្មប្រព័ន្ធអាវុធនៅលើគោក អវកាស និងអាកាស ដែល អាចកម្ទេចសត្រូវយ៉ាងមានប្រសិទ្ធភាព។ «ប៉ុន្តែខ្ញុំក៏ជឿដែរថាចិនបានបង្ហាញពីសមត្ថភាពទាំងនេះនៅក្នុងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន»។ នេះជាការលើកឡើងបស់លោក Mike Dahm ដោយ បន្ថែមថាកត្តាភូមិសាស្ត្រក៏ជាបញ្ហាធំមួយដែរ។ និយាយពីរឿងភូមិសាស្ត្រតៃវ៉ាន់ ចិនហាក់មានប្រៀបជាងសហរដ្ឋអាមេរិកដោយសារតែស្ថិតនៅកៀកនឹងតៃវ៉ាន់ បើទោះជាសហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្ដី។ លើសពីនេះទៅទៀត មន្ទីរបញ្ចុកោណខ្លួនឯងក៏បានទទួលស្គាល់ដែរពីកើនឡើងនៃសមត្ថភាពកងទ័ពអាកាសចិន នៅក្នុងរបាយការណ៍ ប្រចាំរបស់ខ្លួនស្ដីពីអំណាចយោធាចិន (China Military Power) ជាមួយការសង្កត់ធ្ងន់ពីការកើនឡើងនៃសមត្ថភាពនុយក្លេអ៊ែរ អវកាស មីស៊ីល និងយន្ដហោះចម្បាំងរបស់ចិន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចិនមានបំណងពង្រីកសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ហួស First Island Chain ដែលជាតំបន់យុទ្ធសាស្ត្រមួយរត់ចុះពីជប៉ុនឆ្លងទៅដល់ហ្វីលីពីន និងចាក់ចុះទៅដល់ចុង ភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងនៅចន្លោះម៉ាឡេស៊ី និងវៀតណាម។ First Island Chain គឺជានិម្មាបនកម្មសន្តិសុខដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តែរឹតតែសំខាន់ តំបន់យុទ្ធសាស្ត្រនេះនៅព័ទ្ធជុំវិញកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្ដេជ្ញាថាចិននឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅ ឆ្នាំ២០៤៩ ជាផ្នែកនៃមហិច្ឆតាចង់ឱ្យចិនក្លាយជាកំពូលមហាអំណាចពិភពលោក។ ប៉ុន្តែកាលបរិច្ឆេទនេះអាចនឹងមានការប្រែប្រួល។ ជាលើកដំបូងបំផុតនៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន កាលពីដើមឆ្នាំ២០២៥ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាឆ្នាំ២០២៧ អាចជាឆ្នាំដែលចិនប្រើកម្លាំងយោធាលើតៃវ៉ាន់ ហើយវាក៏ជាឆ្នាំដែលលោក ស៊ី ជីនពីងបានដាក់បញ្ជាឱ្យយោធាចិន ធ្វើទំនើបកម្មឱ្យមានសមត្ថភាពវាយយកតៃវ៉ាន់ដែរ។ កុំថាឡើយតៃវ៉ាន់ សូម្បីតែក្រុមមន្ត្រីអាមេរិកក៏បានបង្ហាញការព្រួយបារម្ភថាដូចគ្នានេះដែរ ដោយសំអាងលើការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការផលិតនាវាចម្បាំង យន្ដហោះចម្បាំង និងមីស៊ីលចាប់តាំងពីឆ្នាំ២០២០។
លោកឧត្តមនាវីឯក Samuel Paparo ជាមេបញ្ជាការនៃទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់សភាអាមេរិកថាកងទ័ពចិន PLA បានបង្ហាញពីការកើនឡើងសមត្ថភាពតាមរយៈការបន្តធ្វើ សមយុទ្ធយោធាកំញើញតៃវ៉ាន់ជាប្រចាំ។ លោកក៏បានព្រមានដែរថាសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ មិនមែនជាសមយុទ្ធធម្មតាដូចពីមុននោះទេ តែវាគឺជាការហាត់សមការបង្រួមបង្រួមជាមួយតៃវ៉ាន់ដោយប្រើកម្លាំងយោធា៕