(គូឡាឡាំពួ)៖ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបាន នាថ្ងៃសុក្រ ទី២៣ ខែឧសភា បានឱ្យដឹងថា បណ្តាមេដឹកនាំប្រទេសនៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ឬអាស៊ាន នឹងបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក នៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយ នៅប្រទេសម៉ាឡេស៉ី ដែលជាប្រធានប្តូរវេននៃឆ្នាំនេះ។
ពន្ធគយដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដាក់ចេញបានធ្វើឱ្យទីផ្សារពិភពលោករំជើបរំជួល និងពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះ ហើយបណ្តាលឱ្យមេដឹកនាំអាស៊ានដែលមានសមាជិក ១០ប្រទេសនោះ កំពុងរិះរកមធ្យោបាយទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលពឹងផ្អែកលើពាណិជ្ជកម្ម។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលរំពឹងថានឹងចេញដោយមេដឹកនាំអាស៊ាន អាចលើកឡើងអំពីការព្រួយបារម្ភ ជុំវិញការដាក់វិធានការពន្ធឯកតោភាគី។
នៅមុនកិច្ចប្រជុំនាថ្ងៃចន្ទសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក Anwar Ibrahim បានអំពាវនាវឱ្យមានផែនការសកម្មភាពអាស៊ានរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងពន្ធគយ ដែលកំពុងកើនឡើង។ លោក Anwar និយាយថា ខណៈកិច្ចចរចាទ្វេភាគីរវាងប្រទេសសមាជិក ជាមួយសហរដ្ឋអាមេរិក កំពុងបន្តដំណើរការ ប្លុកអាស៊ានត្រូវតែបង្ហាញការរួបរួមគ្នា។
គួរបញ្ជាក់ថា អាស៊ាន ជាប្រពៃណីបានរក្សាគោលជំហរអព្យាក្រឹត ក្នុងពេលមានការប្រកួតប្រជែងរវាងមហាអំណាច ប៉ុន្តែគោលនយោបាយនេះ កំពុងស្ថិតក្រោមភាពតានតឹង ដោយសារតែចលនាគាំពារនិយមរបស់លោក ត្រាំ៕