(កៀវ)៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមការដោះដូរអ្នកទោសសង្គ្រាមដ៏ធំមួយនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ដែលត្រូវបានគេរំពឹងថានឹងមានទំហំធំជាងគេបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចាដោយផ្ទាល់កាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពយោធាអ៊ុយក្រែន និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រភពយោធាអ៊ុយក្រែនបានបញ្ជាក់ថា ការដោះដូរនេះ ដែលពាក់ព័ន្ធនឹងអ្នកទោស ១,០០០នាក់ពីភាគីនីមួយៗ កំពុងដំណើរការ។ អាជ្ញាធរអ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានឲ្យប្រមូលផ្តុំគ្នានៅតំបន់ Chernihiv ភាគខាងជើង ដើម្បីរង់ចាំទទួលអ្នកទោសដែលត្រូវបានដោះលែង។ ទោះយ៉ាងណា គិតត្រឹមរសៀលថ្ងៃសុក្រម៉ោងនៅមូស្គូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមិនទាន់បានរាយការណ៍ពីការដោះដូរនេះទេ ហើយក្រសួងការពារជាតិរុស្ស៊ីក៏មិនបានឆ្លើយតបភ្លាមៗដែរ។
ការព្រមព្រៀងដោះដូរអ្នកទោសនេះ គឺជាជំហានជាក់ស្តែងតែមួយគត់ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចចរចាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាងបីឆ្នាំនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារអបអរសាទរថា «សូមអបអរសាទរដល់ភាគីទាំងពីរ... តើនេះអាចនាំទៅរកអ្វីដែលធំដុំទេ???» ដោយលោកអះអាង ថាការដោះដូរបានចប់សព្វគ្រប់ហើយ។
កិច្ចចរចានៅអ៊ីស្តង់ប៊ុល មិនបាននាំឲ្យមានការព្រមព្រៀងលើបទឈប់បាញ់នោះទេ។ អ៊ុយក្រែនចង់បានបទឈប់បាញ់ ៣០ថ្ងៃភ្លាមៗ ខណៈរុស្ស៊ី ដែលបានឈ្លានពាននៅឆ្នាំ ២០២២ ហើយបច្ចុប្បន្នគ្រប់គ្រងប្រហែលមួយភាគប្រាំនៃអ៊ុយក្រែន និយាយថា ខ្លួននឹងមិនផ្អាកការវាយលុកទេ លុះត្រាតែលក្ខខណ្ឌរបស់ខ្លួនត្រូវបានសម្រេចជាមុន។ លោក ត្រាំ បានផ្លាស់ប្តូរគោលនយោបាយអាមេរិកពីការគាំទ្រអ៊ុយក្រែន ទៅរកការទទួលយកទស្សនៈមួយចំនួនរបស់រុស្ស៊ី ហើយបានផ្អាកការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីក្រោយកិច្ចសន្ទនាជាមួយលោក ពូទីន កាលពីថ្ងៃចន្ទ។
ទីក្រុងមូស្គូអះអាងថា ខ្លួនត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព ប៉ុន្តែទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀត ព្រមទាំងត្រូវរំសាយអាវុធ និងមិនចូលរួមសម្ព័ន្ធភាពយោធាលោកខាងលិច ដែលទីក្រុងកៀវចាត់ទុកថាស្មើនឹងការចុះចាញ់។
គួរបញ្ជាក់ថា ខណៈការដោះដូរអ្នកទោសអាចជាសញ្ញាវិជ្ជមានមួយ ភាពខុសគ្នាដ៏ធំលើលក្ខខណ្ឌបញ្ចប់សង្គ្រាម នៅតែជាឧបសគ្គចម្បងចំពោះការសម្រេចបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន ដែលសង្គ្រាមនេះបានសម្លាប់ និងធ្វើឲ្យរបួសទាហានរាប់សែននាក់ និងជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់៕