(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញព័ត៌មានថ្មីអំពីផែនការរបស់លោក ក្នុងការអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៉ីលហៅថា Golden Dome ដើម្បីការពារសហរដ្ឋអាមេរិកពីការវាយប្រហារ។ លោក ត្រាំ បានអះអាងថា នៅពេលអភិវឌ្ឍរួចរាល់ ប្រព័ន្ធ Golden Dome នឹងមានសមត្ថភាពស្ទាក់មីស៉ីល ទោះបីជាពួកវាបាញ់ចេញមកពីចំហៀងម្ខាងទៀតនៃពិភពលោក ឬក៏សូម្បីតែបាញ់ចេញពីទីអវកាសក៏ដោយ។ បើតាមលោក ត្រាំ មេបញ្ជាការកងកម្លាំងអវកាសអាមេរិក លោកឧត្តមសេនីយ៍ Michael Guetlein នឹងទទួលបន្ទុកដឹកនាំកិច្ចប្រឹងប្រែងនេះ។
* អ្វីទៅជាខែលប្រឆាំងមីស៊ីល Golden Dome?
លោក ដូណាល់ ត្រាំ បាននិយាយាថា Golden Dome នឹងត្រូវបានបង្កើតឡើងដើម្បីបាញ់កម្ទេចមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូសទំនើបៗ ហើយនៅក្រោមគម្រោង ផលិតខែលប្រឆាំងមីស៊ីលនេះ សហរដ្ឋអាមេរិកក៏នឹងដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅលើទីអវកាស រួមទាំងប្រព័ន្ធ sensors។ ឈរនៅអមលោក ត្រាំនៅសេតវិមាន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានបញ្ជាក់ដែរថាប្រព័ន្ធ Golden Dome មានគោលដៅការពារសហរដ្ឋអាមេរិកពីការវាយប្រហាររបស់មីស៉ីលគ្រូស មីស៉ីលបាលិស្ទីគ មីស៉ីលល្បឿនលឿនជាងសំឡេង និងយន្តហោះដ្រូន ហើយមិនថាពួកវាបំពាក់ក្បាលគ្រាប់ធម្មតា ឬក៏ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។ ឈ្មោះ Golden Dome នេះ គឺផ្តើមចេញមកពីប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៉ីស្រាអែល ដែលបានទប់ស្កាត់រ៉ុក្កែតរយៈចម្ងាយខ្លី និងអាវុធផ្សេងៗទៀតរាប់ពាន់គ្រាប់ ចាប់តាំងពីត្រូវបានដាក់ឱ្យចាប់ផ្តើមធ្វើប្រតិបត្តិការ កាលពីឆ្នាំ២០១១។
ការប្រកាសពីគម្រោងផលិត Golden Dome របស់លោក ត្រាំ កើតឡើងមានតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីកាលពីថ្ងៃទី២៧ ខែមករា ជាពេលដែលលោក ត្រាំ បានស៊ីញេលើបទបញ្ជាប្រតិបត្តិមួយ ដោយបញ្ជាឱ្យចាប់ផ្ដើមអភិវឌ្ឍជាបន្ទាន់នូវប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome សម្រាប់ការពារប្រជាជនអាមេរិក។ តាមលោក ត្រាំ ការផលិត Golden Dome អាចនឹងប្រើប្រាស់ថវិកាសរុប ប្រហែល ១៧៥ពាន់លានដុល្លារ។ ខាងសេតវិមានមិនទាន់បញ្ចេញព័ត៌មានពិស្ដារអំពីគម្រោងនេះនៅឡើយទេ ហើយខណៈលោក ត្រាំអះអាងថាប្រព័ន្ធអាវុធនេះនឹងត្រូវបានអភិវឌ្ឍក្នុងសហរដ្ឋអាមេរិក លោកមិនបានបង្ហើបឈ្មោះក្រុមហ៊ុនដែលនឹងចូលរួមក្នុងគម្រោងផលិត Golden Dome ឡើយ។
គំនិតអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលដាក់ពង្រាយនៅលើទីអវកាសមិនមែនជារឿងថ្មីថ្មោងទេ ដោយគំនិតនេះត្រូវបានលើកឡើងដំបូងដោយលោក Ronald Reagan ជាអតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩។ អំឡុងសង្រ្គាមត្រជាក់ លោក Reagan បានលើកឡើងនូវគំនិតផលិតអាវុធទប់ទល់នឹងអាវុធនុយក្លេអ៊ែរ ដែលក្នុងនោះរួមមានបច្ចេកវិទ្យា អាវុធដាក់ពង្រាយនៅទីអវកាសជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រការពារជាតិរបស់លោក ឬគេស្គាល់ថាគម្រោងសង្រ្គាមផ្កាយ (Star Wars project)។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញខាងឧស្សាហកម្ម នៅតែមានការសង្ស័យចំពោះកាលបរិច្ឆេទ និងកញ្ចប់ថវិកានៃគម្រោងផលិត Golden Dome របស់លោក ត្រាំ ដោយសារតែកញ្ចប់ថវិកាសម្រាប់ផលិតខែលប្រឆាំងមីស៊ីលនេះមិនទាន់ធានាបាន នៅឡើយទេ។ នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រកាសកញ្ចប់ថវិកាដំបូងចំនួន២៥ពាន់លានដុល្លារ សម្រាប់គម្រោងខាងលើ ដែលលោកនិយាយថាអាចនឹងប្រើប្រាស់ថវិកាសរុបប្រហែល ១៧៥ពាន់លានដុល្លារ ហើយអាចនឹងចាប់ផ្តើមធ្វើប្រតិបត្តិការបាន ក្នុងរយៈពេលប្រមាណ ៣ឆ្នាំ។
ការចំណាយលើការផលិត Golden Dome អាចនឹងមានការប្រែប្រួលទៅតាមប្រភេទរបស់វា។ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ដោយស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះបានឱ្យដឹងថាលោក ត្រាំ បានផ្ដល់ជម្រើស៣ សម្រាប់ការផលិត Golden Dome ក្នុងនោះរួមមានប្រភេទ «មធ្យម ខ្ពស់ និងខ្ពស់បំផុត»។ ប្រភេទ ឬកំណែនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome មានជាប់ពាក់ព័ន្ធគ្នាទៅនឹងចំនួនផ្កាយរណប sensors និងឧបករណ៍ស្ទាក់ចាប់មីស៊ីលដែលនឹងត្រូវបានដាក់ពង្រាយនៅលើទីអវកាស។ តាម AP លោក ត្រាំ បានជ្រើសរើសយក ការផលិត Golden Dome កំណែខ្ពស់ ដែលនេះមានន័យថាការចំណាយអាចនឹងស្ថិតនៅចន្លោះពី ៣០ពាន់លានដុល្លារ ដល់១០០ពាន់លានដុល្លារ។ «ទិន្នន័យថ្មីបង្ហាញថាគម្រោងផលិត Golden Dome អាចនឹងត្រូវចំណាយ ១៧៥ពាន់លានដុល្លារ ប៉ុន្តែសំណួរនៅតែមាន នោះគឺថាតើគម្រោងនេះនឹងត្រូវការពេលវេលាប៉ុន្មានឆ្នាំ? វាអាចនឹងចំណាយពេលដល់ទៅ១០ឆ្នាំ»។ នេះជាការលើកឡើងរបស់លោក Tom Karako ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា ស្របពេលដែលលោក ត្រាំ បានវាយតម្លៃថា ការចំណាយសរុបនៃគម្រោងនេះ គឺខ្ទង់១៧៥ពាន់លានដុល្លារ ការិយាល័យថវិកាសភា CBO បានប៉ាន់ស្មានថា គ្រាន់តែការចំណាយលើ ឧបករណ៍បាញ់ស្ទាក់បំពាក់នៅទីអវកាស ដើម្បីទប់ទល់មីស៉ីលបាលិស្ទីគ ICBM មួយចំនួន នឹងទាមទារចន្លោះពី១៦១ពាន់លានដុល្លារ ដល់៤៥២ពាន់លានដុល្លារ អំឡុងរយៈពេល២០ឆ្នាំ។ បើតាមលោក ត្រាំ ប្រព័ន្ធនេះនឹងដាក់ពង្រាយទាំងនៅលើដីគោក ផ្ទៃទឹក និងទីអវកាស៕